CBRE៖ តម្រូវការទីផ្សារនិងការផ្គត់ផ្គង់ខុនដូនៅទីក្រុងភ្នំពេញ នៅតែបន្តធ្លាក់ចុះដល់ចុងឆ្នាំ២០២១

ភ្នំពេញ ៖ អូសបន្លាយការធ្លាក់ចុះតម្រូវការលើទីផ្សារខុនដូតាំងពីពាក់កណ្តាលឆ្នាំ២០២០រហូតមកដល់ពេលនេះការសិក្សាថ្មីមួយទៀតបានបង្ហាញថា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់បន្ថែមនៅក្នុងទីផ្សាររួមនៃវិស័យមួយនេះ ជាពិសេសក្នុងរាជធានីភ្នំពេញ នឹងនៅតែបន្តធ្លាក់ចុះបន្ថែមទៀត គិតត្រឹមចុង​ឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្នមានគម្រោងជាច្រើន ដែលបញ្ចប់ការសាងសង់ទាំងស្រុងកំពុងជំរុញការលក់ដោយផ្តល់លក្ខខណ្ឌពិសេសជា​ច្រើន។ 

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់ការសិក្សាស្រាវជ្រាវយ៉ាងលម្អិតកាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងថា កាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២១កន្លងទៅនេះមានការរំពឹងទុកថាខុនដូចំនួន ១០,៨២៥ យូនីត នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង ប៉ុន្តែចូលមក​ដល់ត្រីមាសទី២ ឆ្នាំដដែល ចំនួនយូនីតខុនដូត្រូវបានធ្លាក់មកនៅត្រឹមតែ ៧,៩០៩យូនីត ហើយនឹងត្រូវពន្យារការបញ្ចប់​សាងសង់នៅ​ចុងឆ្នាំនេះទៅវិញ។

ការទម្លាក់ការព្យាករណ៍ទៅលើចំនួននៃការផ្គត់ផ្គង់ខុនដូខាងលើនេះគឺដោយសារតែស្ថានភាពទីផ្សារបច្ចុប្បន្នមិនមានភាពច្បាស់លាស់  ឬស្ថិតនៅក្នុង​សភាព​ស្រពិចស្រពិលនៅឡោះយដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ហើយជះឥទ្ធិពលលើការសាងសង់រួម ជាពិសេសធ្វើឲ្យការលក់មាន​ការធ្លាក់ចុះយ៉ាងគំហុក ភាពរាំងស្ទះលើខ្សែចង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់សម្រាប់សាងសង់ ជាពិសេសប៉ះពាល់រំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍។

តាមរយៈការសិក្សាដដែលបានគូសបញ្ជាក់ថា នៅត្រីមាសទី២កន្លងទៅនេះ គេបានឃើញការបញ្ចប់នៃគម្រោងមួយឈ្មោះ Golden One ស្ថិត​នៅ​តំបន់​បឹងកេងកង ១ ដែលបានបន្ថែមការផ្គត់ផ្គង់ចំនួន ៤៨០យូនីតចូលក្នុងទីផ្សាររួម ដែលធ្វើឱ្យការផ្គត់ផ្គង់ខុនដូសរុបកើនឡើងដល់ ២៧,១៧៣យូនីត។

យ៉ាងណាក៏ដោយ សម្រាប់ការផ្លាស់ប្តូរទីផ្សារពីប្រភេទខុនដូតម្លៃថ្លៃ ទៅជាប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពរឹងមាំក្នុងអំឡុងត្រីមាសទី២កន្លងមក​នេះ ហើយនិន្នាការប្រែក្លាយពីខុនដូតម្លៃថ្លៃទៅខុនដូសមរម្យនេះក៏បានបង្ហាញពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីចាប់យកចំណែកទីផ្សារ​នៅ​ក្នុង​ស្ថានការណ៍ដ៏លំបាកនេះ ខណៈដែលការប្រកួតប្រជែងពីអ្នកអភិវឌ្ឍន៍ក្នុងស្រុកនិងអន្តរជាតិត្រូវបានរំពឹងថានឹងកើនឡើងសម្រាប់ទីផ្សារប្រភេទនេះ​ដូចគ្នា។

អ្នកនាង គឹម គិមកេសា ប្រធានស្រាវជ្រាវជាន់ខ្ពស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ធ្លាប់បានប្រាប់ឲ្យដឹងកាល​ពីពេលថ្មីៗ​កន្លង​ទៅ​នេះ​ថា បើទោះជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ដែលធ្វើឱ្យចំនួនអ្នកអភិវឌ្ឍន៍ធ្លាក់ចុះក៏ដោយប៉ុន្តែ ការប្រកួតប្រជែងមានការកើនឡើង ដោយសារការថយចុះ​ចំនួនអ្នកទិញក្នុងស្រុកបាននាំឱ្យមានការកែតម្រូវបន្ថែមនូវតម្លៃខុនដូពីមួយត្រីមាសទៅមួយត្រីមាសខណៈតម្លៃខុនដូប្រភេទប្រណីត ឬតម្លៃខ្ពស់ធ្លាក់ចុះ​ប្រមាណ ៩,១២ភាគរយហើយខុនដូតម្លៃសមរម្យធ្លាក់ចុះប្រមាណ ៤,៨៧ភាគរយ។

អ្នកនាងបន្តថានៅក្នុងអំឡុងត្រីមាសទី២ តម្លៃជាមធ្យមសម្រាប់យូនីតខុនដូប្រភេទប្រណីតមានប្រមាណ ២,៨០២ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយជាមធ្យម ខុនដូតម្លៃសមរម្យមានតម្លៃ ១,៤៩២ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយជាការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ រហូតធ្វើឲ្យតម្លៃខុនដូមានការធ្លាក់ចុះ អ្នកអភិវឌ្ឍន៍បានដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយ ជំរុញការលក់ផ្សេងៗជាច្រើនដោយរាប់បញ្ចូលទាំងការដាក់បញ្ចូលកញ្ចប់គ្រឿងសង្ហារឹម រហូតដល់លក្ខខណ្ឌនៃការទូទាត់មានភាពហាយស្រួល អាចបត់បែនតាមស្ថានការណ៍ឬអ្នកអភិវឌ្ឍន៍ខ្លះបានសហការជាមួយធនាគារឯកជន ធ្វើជាដៃគូដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួនថែមទៀតផង៕