ដោយសារស្ថានការណ៍ក្នុងពេលបច្ចុប្បន្ននេះ តម្រូវឱ្យស្ទើរតែគ្រប់ផ្ទះទៅហើយត្រូវផ្ទុកស្បៀងរបស់ហូបចុកឱ្យបានច្រើនថ្ងៃ។ ប៉ុន្តែមានដឹងទេថា ទោះបីជាទូរទឹកកកអាចពន្យាអាយុរបស់អាហារក៏ពិតមែន ប៉ុន្តែមានអាហារមួយចំនួនដែលមិនចាំបាច់រក្សាទុកក្នុងទូរទឹកកកឡើយ។ ជាពិសេសអាហារទាំង១០ ខាងក្រោមនេះ ៖
១. ត្រសក់ស្រូវ ឪឡឹក
ការស្រាវជ្រាវបានបង្ហាញថាការរក្សាត្រសក់ស្រូវ ឬឪឡឹកក្នុងសីតុណ្ហភាពធម្មតាអាចរក្សាអាហារូបត្ថម្ភបានល្អជាងការរក្សាទុកក្នុងទូរទឹកកក។ប៉ុន្តែប្រសិនបើធ្វើការចិតសម្បករួចហើយគួររក្សាទុកក្នុងទូរទឹកកកតែមិនគួរទុកយូរថ្ងៃពេកទេ។
២. ដំឡូងបារាំង
ភាពត្រជាក់នៅក្នុងទូរទឹកកកធ្វើឱ្យជាតិម្សៅនៅក្នុងដំឡូងបារាំងក្លាយទៅជាសាច់ផុសៗនិងបាត់បង់រសជាតិ។ វិធីរក្សាទុកដ៏ត្រឹមត្រូវគឺដាក់ក្នុងថង់ក្រដាសរួចយកទៅទុកកន្លែងស្ងួតនិងមិនក្តៅពេក។
៣. ប៉េងប៉ោះ
ប៉េងប៉ោះដែលរក្សាទុកក្នុងទូរទឹកកនឹងបាត់បង់រសជាតិហើយឆាប់ទុំ។ ការរក្សាទុកដែលត្រឹមត្រូវគឺទុកនៅកន្លែងស្ងួតនិងមិនត្រូវពន្លឺព្រះអាទិត្យ។
៤. ខ្ទឹមបារាំង
ការរក្សាទុកខ្ទឹមបារាំងទាំងសម្បកក្នុងទូរទឹកកកនឹងទៅជាដុះផ្សិតរួចក្លាយជាទន់។ ម្យ៉ាងទៀតខ្ទឹមបារាំងក៏ធ្វើឱ្យទូរទឹកកកមានក្លិនមិនល្អ។ ដូច្នេះគ្រាន់តែរក្សាទុកក្នុងថង់ក្រដាសដែលបិទជិតនិងស្ងួតល្អប៉ុណ្ណោះ។
៥. ខ្ទឹមស
ការដាក់ខ្ទឹមសក្នុងទូរទឹកកកនឹងបណ្តាលឱ្យខ្ទឹមដុះពន្លកនិងបង្កឱ្យមានផ្សិតបាន។ ភាពត្រជាក់នឹងធ្វើឱ្យខ្ទឹមក្លាយទៅជាស្ងួតហើយស្វិតបន្តិចម្តងៗ។ វិធីដែលត្រឹមត្រូវគួរទុកក្នុងចានឬប្រអប់ដែលស្ងួត និងមានខ្យល់ចេញចូលល្អ។ប្រសិនបើជាខ្ទឹមសដែលបកសំបករួចហើយគួរប្រើឱ្យអស់ក្នុងរយៈពេល ១០ ថ្ងៃ។
៦. សណ្តែកដី ឬគ្រាប់ធុញ្ញជាតិ
ការរក្សាទុកគ្រាប់ធុញ្ញជាតិក្នុងទូរទឹកកកដើម្បីការពារកុំឱ្យធុំក្លិនផ្អួរប៉ុន្តែវានឹងបាត់បង់រសជាតិ។ ហើយវាក៏ជាអាហារដែលងាយស្រូបយកក្លិនផ្សេងទៀតដែរ។ គួររក្សាទុកក្នុងប្រអប់បិទជិតរួចទុកក្នុងទូរធម្មតាបានហើយ។ ប៉ុន្តែប្រសិនបើមានចំនួនច្រើនគួរយកទៅលីងជាមុនសិនដើម្បីទុកបានកាន់តែយូរ។
៧. កាហ្វេ
កាហ្វេជាអាហារម្យ៉ាងដែលមិនគួររក្សាទុកក្នុងទូរទឹកកកទាល់តែសោះ ព្រោះក្រៅពីធ្វើឱ្យបាត់បង់រសជាតិហើយក្លិនក៏ប្រែប្រួលដែរ។ ពីព្រោះកាហ្វេនឹងធ្វើការស្រូបយកក្លិនទាំងអស់ក្នុងទូរទឹកកក។
៨. នំប៉័ង
នំប៉័ងគួររក្សាទុកក្នុងសីតុណ្ហភាពធម្មតាដោយដាក់ក្នុងថង់ ឬប្រអប់រួចបិទមាត់ឱ្យជិត។
៩. ប្រេង ឬខ្លាញ់
ប្រេងគួរតែរក្សាទុកក្នុងសីតុណ្ហភាពធម្មតា លើកលែងតែខ្លាញ់មួយចំនួនដែលផ្ទុកខ្លាញ់ឆ្អែតទាបពេក ដូចជា ប្រេងផ្កាឈូករ័ត្នដែលត្រូវរក្សាទុកកន្លែងត្រជាក់។
១០. ទឹកម្ទេស ទឹកប៉េងប៉ោះ
ទឹកជ្រលក់មួយក្រុមនេះមិនតម្រូវឱ្យទុកក្នុងទូរទឹកកកទេ ព្រោះវាមានផ្ទុកទឹកខ្មេះដែលមានឥទ្ធិពលប្រឆាំងនឹងការលូតលាស់របស់បាក់តេរីរួចហើយ។ ចំណែកឯទឹកម្ទេសមានរសជាតិហឹរ ត្រូវបានផលិតឡើងឱ្យសមស្របនឹងលក្ខខណ្ឌសីតុណ្ហភាពធម្មតារួចហើយដែរ៕