នេះជាវិបសាយដំបូងគេបង្អស់របស់ពិភពលោក កាលពី៣០ឆ្នាំមុន

៣០ឆ្នាំមុន គឺនៅថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៩១ វិបសាយដំបូងគេបង្អស់ត្រូវបង្ហាញដល់ពិភពលោក។ បើអ្នកបានឃើញវានៅពេលនេះ គឺមិនមានអ្វីដ៏គួរឲ្យស្ញើចសរសើរនោះទេ ព្រោះបច្ចុប្បន្នមានជិត២ពាន់លានវិបសាយទៅហើយ។

អ្នកអាចចូលមើលវិបសាយដំបូងរបស់ពិភពលោក ដោយចុចលើតំណភ្ជាប់នេះ

គេហទំព័រដំបូង មានព័ត៌មានអំពីគម្រោងWorld Wide Web (W3) ។ វាត្រូវបានបង្ហោះនៅឯអង្គការអឺរ៉ុបសម្រាប់ការស្រាវជ្រាវនុយក្លេអ៊ែរហៅកាត់ថា CERN ជាកន្លែងដែលវាត្រូវបានបង្កើតឡើង ដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិអង់គ្លេសឈ្មោះថា Tim Berners-Lee ។

ក្នុងវិបសាយដំបូងនេះ គឺគេអាចស្វែងយល់ពីរបៀបបង្កើតទំព័រវិបសាយ និងស្វែងយល់អំពី Hypertext (សំដៅលើការសរសេរកូដ ដើម្បីភ្ជាប់ជាមួយមាតិកា)

Tim Berners-Lee  បានបង្កើតគេហទំព័រដោយហេតុផលគឺបានធ្វើឱ្យជីវិតកាន់តែងាយស្រួលជាងមុន។ នៅឆ្នាំ ១៩៨៩ Tim Berners-Lee  បានស្នើគំនិតបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានដល់អ្នកគ្រប់គ្រងរបស់គាត់នៅ CERN ។ ប្រព័ន្ធនេះនឹងប្រើ Hypertext ដើម្បីភ្ជាប់ឯកសារពីកុំព្យូទ័រទៅកុំព្យូទ័រ នៅលើអ៊ីនធឺណិត។តែមិនត្រូវបានការឯកភាព។

មួយឆ្នាំក្រោយមក Tim Berners-Lee  បានលើកសំណើដោយមានការកែលម្អជាថ្មី ក៏ត្រូវបានគេគាំទ្រ។ហើយនៅឆ្នាំ ១៩៩១ ក៏បានត្រៀមដើម្បីដាក់ឱ្យដំណើរការវិបសាយ។ Berners-Lee បានបង្កើតភាសា HTML,ប្រូតូកូល HTTPនិងតំណភ្ជាប់(URLs) ដែលជាប្លុកសម្រាប់បង្កើតគេហទំព័រ-ទាំងអស់នៅលើកុំព្យូទ័រ NeXT ដែលរចនាដោយ Steve Jobs ។

នេះជាការរៀបរាប់ខ្លីពីការបង្កើតវិបសាយជាលើកដំបូង។ ឆ្នាំ ១៩៩២​ គេហទំព័រមានត្រឹមចំនួន១០ប៉ុណ្ណោះ។ ដល់ឆ្នាំ ១៩៩៦ ដែលឆ្នាំដែលវិបសាយឡើងដល់ ២លាន និងជាឆ្នាំដែល Google លេចមុខ និងបច្ចុប្បន្នមានដល់ជិត២ពាន់លានវិបសាយ៕