ខេត្តកំពត៖ ក្រោយពីមានការសម្រេចដោយរាជរដ្ឋាភិបាល ក្នុងការបង្កើតក្រុងបូកគោ ដែលជាក្រុងថ្មីក្នុងទឹកដីខេត្តកំពត ថ្មីៗនេះទើបមានការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល និងមានការតែងតាំងអភិបាលក្រុងថ្មី ខណៈដែលសកម្មភាពអភិវឌ្ឍន៍ពីវិស័យឯកជនមួយចំនួន ក៏កំពុងតែបង្ហាញមុខជាបណ្តើរៗ។
លោក សុខ ប៊ុនធឿន ប្រធានផ្នែកគ្រប់គ្រងភ្នែកលក់ ក្រុមហ៊ុនភ្នាក់ងារជំនាញលក់ដីឡូតិ៍ខេត្តកំពត បានអះអាងថាបច្ចុប្បន្ននេះសកម្មភាពទិញលក់ដីធ្លីនៅក្នុងនិងក្បែរតំបន់អភិវឌ្ឍន៍ក្រុងបូកគោថ្មី ពិតជាមានមែន ប៉ុន្តែមិនពុះកញ្ច្រោលខ្លាំងដូចការលើកឡើងរបស់ឈ្មួញកណ្តាលពោលនោះឡើយ ហើយតម្លៃក៏មានតំបន់ខ្លះដែលមានការអភិវឌ្ឍន៍ឡើងតិចតួច ហើយនៅតំបន់ដែលមិនមានសកម្មភាពអភិវឌ្ឍន៍ ឬគ្រាន់តែព័ទ្ធរបងចោលដាក់ស្លាកលក់នោះគឺមិនមានការឡើងថ្លៃនោះទេ។
អ្នកជំនាញផ្នែកលក់ដីធ្លីនៅក្នុងខេត្តកំពតរូបនេះបានអះអាងថា៖ “ខ្ញុំមិនដឹងថា អ្នកដែលនិយាយនោះគាត់និយាយដីនៅក្នុងគម្រោងណាមួយឲ្យច្បាស់នោះទេ ព្រោះបើដីដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយចំនួនដែលកំពុងមានសកម្មភាពសព្វថ្ងៃភាគច្រើគឺនៅរក្សាតម្លៃដដែល ហើយបើឡើងថ្លៃ អាចមានតែម្ចាស់ដីដើមផ្ទាល់ដែលគាត់អាចលក់ឡើងថ្លៃតិចតួច នៅពេលមានឈ្មួញឬអ្នកអភិវឌ្ឍន៍ចូលមកសួរនាំរកទិញទុកក្នុងទ្រង់ទ្រាយធំដែលស្ថិតនៅតំបន់ក្បែរជើងភ្នំ ឬក្រៅក្រុងអភិវឌ្ឍន៍បូកគោថ្មីតែប៉ុណ្ណោះ ប៉ុន្តែបើនិយាយថាតម្លៃដីទូទៅនៅក្នុងតំបន់ និងក្បែរកន្លែងអភិវឌ្ឍន៍ឡើងថ្លៃខ្លាំងនោះគ្រាន់តែជាពាក្យមិនពិត។ នេះបើតាមអ្វីដែលខ្ញុំដឹង”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោក កែវ សុជាតិ ប្រធានសាខាក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត បានទទួលស្គាល់ថាបច្ចុប្បន្នឃើញមានអ្នកវិនិយោគ និងឈ្មួញជាច្រើនបានកំពុងចាប់អារម្មណ៍និងសម្លឹងចង់ចាប់ឱកាសវិនិយោគនៅតំបន់ដែលកំពុងមានសកម្មភាពខាងលើនេះ ប៉ុន្តែអាចពិចារណាពាក់ព័ន្ធទៅនឹងបញ្ហានៃតម្លៃ។
លោកបានបញ្ជាក់ថា“ក្រោយពេលមានផែនការ និងសកម្មភាពអភិវឌ្ឍន៍មួយចំនួននៅតំបន់ក្រុងបូកគោថ្មីនេះ ឃើញមានអ្នកជំនួញដីធ្លី ឧកញ៉ា និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនចុះមើលដីញឹកញាប់ដើម្បីស្ទាប់ស្ទង់ និងសិក្សាមើលពីឱកាសចំណេញរបស់ពួកគេ ហើយបើនិយាយពីតម្លៃដីធ្លីជាក់ស្ដែងនៅពេលនេះ បើប្រៀបធៀបទៅនឹងកាលពីជាងមួយឆ្នាំមុន ដូចជាដីដែលមានទំហំធំស្ថិតនៅក្បែរជើងភ្នំដែលត្រូវនឹងគម្រោងអភិវឌ្ឍន៍ជាតំបន់លំហែរឬផ្ទះលំហែរជាដើមនោះ”។
លោក កែវ សុជាតិ ក៏បានបង្ហាញឲ្យឃើញឡើងពីការឡើងថ្លៃដីសម្រាប់ទីតាំងនេះបន្តិច ពី១២ដុល្លារក្នុងមួយម៉ែត្រការ៉េដល់ប្រមាណ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសនេះតិចតួច ដែលវាអាស្រ័យតាមទីតាំងនិងទំហំដី ដោយឡែកសម្រាប់ការពុះដីឡូតិ៍ ដូចជាមិនសូវឡើងតម្លៃខ្លាំងនោះទេ៕