Lee Sunisa អត្តពលិកអាមេរិកដើមកំណើតអាស៊ី និងរឿងរ៉ាវជម្នះភាពលំបាកមុនឈ្នះមេដាយមាសអូឡាំពិច

ប្រិយមិត្តអ្នកតាមដានវិស័យកីឡា ប្រាកដជាបានស្គាល់ហើយពីអត្តពលិកវ័យក្មេងអាមេរិក ដែលមានដើមកំណើតជាកូនចៅ អ្នកជនជាតិដើមភាគតិចម៉ុង (Hmong) ពីប្រទេសឡាវ គឺកញ្ញា LEE Sunisa។ អត្តពលិកអាមេរិកដើមកំណើតអាស៊ីរូបនេះបានយកឈ្នះក្នុងការប្រកួតកីឡាផ្នែកកាយសម្ព័ន្ធនិងយកបាននូវមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាពិភពលោក​ អូឡាំពិច២០២០ នាទីក្រុងតូក្យូ។ ហើយមុននឹង អាចយកបានមេដាយក្នុងកម្រិតពិភពលោកនេះ យុវតីដើមកំណើតអាស៊ីរូបនេះក៏បានឆ្លងកាត់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយចំនួន៖

. យកឈ្នះមេដាយមាសនៅក្នុងវ័យអាយុ១៨ឆ្នាំ

ទិន្នន័យពីព្រឹត្តិការណ៍កីឡាអូឡាំពិចក្រុងតូក្យូ២០២០កីឡាការិនីSunisa បានយកឈ្នះមេដាយមាសលើវិញ្ញាសាកាយសម្ព័ន្ធWomen’s All-Round នៅអាយុ១៨ឆ្នាំ ពោលគឺនាងកើតនៅថ្ងៃទី០៩មីនា ឆ្នាំ២០០៣ នៅទឹកដីសហរដ្ឋអាមេរិក។ Sunisa ផ្តើមលេងកីឡាកាយសម្ព័ន្ធនៅអាយុ៦ឆ្នាំ ដោយចូលលេងនៅក្លិប Midwest Gymnastics Center នៅទីក្រុង LittleCanada រដ្ឋ Minnesota សហរដ្ឋអាមេរិក។ 

. ឪពុកម្តាយជាជនជាតិដើមភាគតិចម៉ុង (Hmong) ពីប្រទេសឡាវ

មែនហើយទោះបីជាកើតនៅទឹកដីសហរដ្ឋអាមេរិក និងជាអត្តពលិកអាមេរិកក៏ពិតមែន ប៉ុន្តែ​ LEESunisa ដែលឈ្មោះហៅក្រៅថា Suni មកដើមកំណើតពីឪពុកម្តាយជាជនជាតិដើមភាគតិចម៉ុង(Hmong) មកពីប្រទេសឡាវដែលបានមករស់នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះកីឡាការិនី Sunisa ក៏មានប្អូនស្រីដែលចូលហាត់កីឡាកាយសម្ព័ន្ធនេះផងដែរ។

. ការឆ្លងកាត់ពេលវេលាលំបាកច្រើនមុនពេលទទួលជ័យជម្នះ

មុនទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ពិភពលោកនេះអត្តពលិកអាស៊ី-អាមេរិករូបនេះ ក៏បានឆ្លងកាត់នូវពេលវេលាលំបាកច្រើនដូចជានៅឆ្នាំ២០១៩ ឪពុករបស់នាងបានជួបឧបទ្ទវហេតុធ្លាក់ពីជណ្តើរ ដោយត្រូវធ្លាក់ខ្លួនពិការជាងនេះទៅទៀតក្នុងឆ្នាំដដែល នាងបានរងរបួសជើងដោយនិងធ្វើទុក្ខសាច់ដុំជើងរហូតដល់ឆ្នាំ២០២០ដោយត្រូវសម្រាកពីកីឡាកាយសម្ព័ន្ធនេះជាង៤ខែ ទើបអាចប្រកួតវិញបាន។ ជាបន្ទុកទៀតនោះគឺនៅឆ្នាំ២០២០ ឪពុកមា និងម្តាយមីងរបស់នាងបានបាត់បង់ជីវិត ក៏ដោយសារមេរោគកូវីដ-១៩ ដែលធ្វើឱ្យអារម្មណ៍របស់នាងមិនបានប្រសើរឡើយ។ 

. ជម្នះអារម្មណ៍លំបាកនិងឧទ្ទិសជ័យជម្នះដល់ឪពុក និងសាច់ញាតិ

មែនហើយ ឆ្នាំ២០១៩និង២០២០ បានផ្តល់ឱ្យ Sunisaជួបអារម្មណ៍មិនល្អប្រសើរឡើយ ប៉ុន្តែជំនួសវិញ នាងបានជម្នះអារម្មណ៍ទុក្ខព្រួយដ៏ពិបាកនេះដោយពង្រឹងកាយស្មារតី ទៅលើការហ្វឹកហាត់ និងផ្តោតលើការប្រកួត រហូតទទួលបានជ័យជម្នះដ៏គាប់ប្រសើរពោលគឺមេដាយមាសកម្រិតពិភពលោកអូឡាំពិច២០២០។ ហើយដែលនាងបានឧទ្ទិសជ័យជម្នះនេះ ទៅដល់ឪពុកខ្លួនដែលរួមចំណែកសំខាន់រហូតនាងមានជ័យជម្នះនេះ។

រំលឹកផងដែរថា LEESunisa គឺជាអត្តពលិកកាយសម្ព័ន្ធនារី ម៉ុងអាមេរិកដំបូងដែលឈ្នះមេដាយមាសលើវិញ្ញាសា Women’s All-Roundនេះពីព្រឹត្តិការណ៍អូឡាំពិច។ ហើយក្នុងអាជីពជាអ្នកកីឡា កីឡាការិនីអាមេរិកដែលមានដើមកំណើតអាស៊ីរូបនេះ ក៏កំពុងស្ថិតក្នុងដំណាក់កាលសម្រេចចិត្ត ទៅលើឱកាសផ្សេងៗពីការប្រកួតក្នុងអាជីពឬមួយចូលបន្តការសិក្សានៅមហាវិទ្យាល័យផ្នែកកីឡាបន្ថែមទៀត៕