ប្រយ័ត្នគេងឱបមេរោគបើមិនប្រញាប់សម្អាតខ្នើយចេញទេ ហើយនេះជាវិធី

មួយរយៈចុងក្រោយនេះ មនុស្សភាគច្រើនត្រូវនៅក្នុងផ្ទះអ្នកខ្លះចូលចិត្តរកអ្វីធ្វើបំបាត់អផ្សុក ប៉ុន្តែអ្នកខ្លះទៀតញៀនគ្រែមិនសូវទៅណាឆ្ងាយពីភួយ ខ្នើយទេ។ គ្រែ ខ្នើយភួយគឺជាកន្លែងបណ្តុំនៃមេរោគ ដូច្នេះអ្នកមិនគួរព្រងើយកន្តើយឱ្យវាកខ្វក់ឡើយ។ ហេតុនេះហើយទើបថ្ងៃនេះ យើងនឹងមកធ្វើការចែករំលែកអំពីគន្លឹះសម្ងាត់មួយក្នុងការកម្ចាត់បាក់តេរីអាក្រក់ទាំងនោះ កម្ចាត់ស្នាមប្រឡាក់ពណ៌លឿង ឱ្យត្រឡប់មកសភ្លឺដូចទើបទិញថ្មីម្តងទៀត។​​

ជំហានដំបូងត្រូវត្រៀមសម្ភារៈ​ជាមុនសិន (គួរដាក់បោកខ្នើយម្តង​២​ ដើម្បីកុំឱ្យធ្ងន់ម៉ាស៊ីនបោកខោអាវពេក)។

១.​ ទឹកក្តៅ

២.​ សាប៊ូបោកខោអាវ ១​ កូនចានចង្កឹះ

៣.​ ម្សៅលាងចាន ១​ កូនចានចង្កឹះ

៤.​ ទឹកអូសាវ៉ែល ១​ កូនចានចង្កឹះ

៥. ម្សៅបូរ៉ាក់ពាក់កណ្តាលកូនចានចង្កឹះ។


ពេលនេះមកដល់ដំណាក់បោកគក់ខ្នើយហើយ៖​

១.​ជាដំបូង កុំភ្លេចអានការណែនាំនៅលើស្លាកជាប់ខ្នើយថា វាអាចយកទៅបោកក្នុងម៉ាស៊ីនបោកខោអាវបានដែរឬទេ។

២.បន្ទាប់មកដោះស្រោមខ្នើយចេញឱ្យអស់។​

៣.ចាក់ទឹកក្តៅចូលក្នុងម៉ាស៊ីនបោកខោអាវប្រមាណ ១​ភាគ៣​ នៃម៉ាស៊ីន។

៤. យកសាប៊ូបោកខោអាវនិងសម្ភារៈ​ដែលបានត្រៀមផ្សេងទៀតដាក់ចូលឱ្យអស់។ រួចបើកឱ្យម៉ាស៊ីនវិលរយៈពេល​ ២​ ទៅ​៣​នាទីដើម្បីឱ្យសាប៊ូទាំងអស់រលាយចូលគ្នាសិន សឹមដាក់ខ្នើយចូលទៅបោក។

៥. នៅពេលម៉ាស៊ីនបោកបាន ៥​នាទីហើយបិទម៉ាស៊ីន​រួចត្រឡប់ខ្នើយទៅម្ខាងទៀតដើម្បីឱ្យច្បាស់ចិត្តថាបានសម្អាតសព្វល្អ។រួចហើយចុចឱ្យម៉ាស៊ីនដំណើរការបន្តរយៈពេល ៥​ នាទី។

៦.​ នៅពេលខ្នើយក្លាយជាពណ៌សល្អហើយធ្វើការបោកទឹកមួយដងទៀត។​ កុំភ្លេចថាត្រូវប្រើមុខងារទឹកក្តៅប្រសិនបើម៉ាស៊ីនរបស់អ្នកមិនមុខងារនេះទេអាចបន្ថែមទឹកក្តៅចូលដោយខ្លួនឯងបា​ន។​

៧.​ប្រសិនបើផ្ទះរបស់អ្នកមានម៉ាស៊ីនសម្ងួតខោអាវ ក៏អាចប្រើសម្ងួតខ្នើយឱ្យស្ងួតកាន់តែលឿនជាមួយនឹងការបន្ថែម Dryer Balls​ ចូលទៅ១ ឬ ២​ គ្រាប់នឹងជួយឱ្យខ្នើយកាន់តែឆាប់ស្ងួត។ ​ប្រសិនបើមិនមានម៉ាស៊ីនសម្ងួតទេ យកខ្នើយទៅដាក់ហាលថ្ងៃជំនួសវិញ។ គ្រាន់តែប៉ុន្មានជំហាននេះប៉ុណ្ណោះអ្នកនឹងទទួលបានខ្នើយសភ្លឺដូចទើបតែទិញថ្មីៗអញ្ចឹង៕