ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល នៅតែជាចលករសំខាន់ទ្រទ្រង់ទីផ្សារអចលនទ្រព្យ

ភ្នំពេញ៖ បន្ថែមពីលើវិស័យឯកជន ដែលកំពុងបន្តសកម្មភាពអភិវឌ្ឍនៅក្នុងវិស័យសំណង់កិច្ចដំណើរការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅ​ទូទាំង​ប្រទេស នៅតាមបណ្តាខេត្តមានសក្ដានុពល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ទីផ្សារអចនទ្រព្យបានយ៉ាងប្រសើរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកវិនិយោគនិងអភិវឌ្ឍន៍នៅក្នុងវិស័យ​លំនៅដ្ឋានបែបទំនើបកម្រិត​មធ្យម​ បាន​មានប្រសាសន៍ប្រាប់ Krama Post ឲ្យដឹងថាគិតមកដល់ពេលបច្ចុប្បន្ននេះវិបត្តិកូវីដ បានរំខាននិងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភ​ពលោកជាង​១ឆ្នាំ​មកហើយ ដែលក្នុងនោះកម្ពុជាក៏ទទួលរងឥទ្ធិពលដូចគ្នា ទាស់ត្រង់ថាវិស័យខ្លះរងផលប៉ះពាល់ខ្លាំងហើយវិស័យខ្លអរងផលប៉ះពាល់តិចប៉ុណ្ណោះ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ស្ថិតនៅក្នុងបរិបទដែលជួបភាពលំបាកទាំងនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ និងគោលនយោបាយ​សង្គ្រោះជាច្រើនរាប់ទាំងការទម្លាក់កញ្ចប់ថវិកាសន្សំរបស់ជាតិផងដែរសម្រាប់ដោះស្រាយផលប៉ះពាល់និងសង្គ្រោះវិស័យសំខាន់ៗ ហើយក្នុងនោះវិស័យ​អចលនទ្រព្យក៏ទទួលបាននូវភាពអនុគ្រោះពីរាជរដ្ឋាភិបាលផងដែរ។ 

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងព្យាយាមយ៉ាងខ្លាំង ក្នុងការទប់ស្កាត់បញ្ហា​ធ្ងន់ធ្ងរហើយបន្តកិច្ចអភិវឌ្ឍផ្នែកសំខាន់ៗដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដែលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបានដើរតួជាអាទិភាព ដូចជាការសាង​សង់​ព្រលានយន្តហោះថ្មីទាំងនៅខេត្តកណ្តាល ទាំងនៅខេត្តសៀមរាបក៏ដូចជាខេត្តមណ្ឌលគីរី ការស្ថាបនាផ្លូវ​ទាំង​៣៤ខ្សែ​នៅក្រុងព្រះសីហនុ ការស្ដារ និង​ស្ថាបនា​ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប ការស្ដារផ្លូវជាតិលេខ៥ជាផ្លូវហាយវេ ការស្ដារផ្លូវជាតិលេខ២ ផ្លូវជាតិ​លេខ៣ផ្លូវលេខ៣៣ គម្រោងស្ដារ​ផ្លូវជាតិ​លេខ៦ និងលេខ៧ក៏ដូចជាគម្រោងសាងសង់ស្ពានជាច្រើនកន្លែងជាដើម”។

អ្នកអភិវឌ្ឍន៍រូបនេះបានមានប្រសាសន៍ទៀតថា នៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ពាន ផ្លូវថ្នល់បណ្តាញទឹកស្អាត ភ្លើង នៅតំបន់​ណាមួយដែលអនុគ្រោះ និងបង្កភាពងាយស្រួលដល់ការធ្វើដំណើរនិងរស់នៅបាន នោះគម្រោងអភិវឌ្ឍន៍វិសំណង់លំនៅដ្ឋាន​ក៏អាចនឹងកើត​មាន​យ៉ាង​​ឆាប់រហ័សហើយនៅពេលដែលមានគម្រោងអភិវឌ្ឍន៍សាងសង់លំនៅដ្ឋាន គម្រោងបង្កើតជាតំបន់ឧស្សាហកម្មជាដើមគឺជំរុញឲ្យមានការប្រើប្រាស់ដី​ដែល​សុ​ទ្ធតែជាការគាំទ្រដល់ទីផ្សារអចលនទ្រព្យទាំងអស់។ដូច្នេះមានន័យថា នៅតំបន់ណាដែលមានការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធតំបន់នោះក៏នឹង​មាន​តម្រូវការទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យដូចគ្នា៕