វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសជប៉ុន បានមកដល់កម្ពុជានៅយប់នេះ

រាជធានីភ្នំពេញ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ប្រភេទ AstraZeneca ដែល​ជា​ជំនួយ​របស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនផ្ដល់​មក​កម្ពុជា ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ ​ដូច​ការ​គ្រោង​ទុក​ហើយនៅយប់ទី ២៣កក្កដានេះ ដែលជាជំហានដំបូងប្រមាណ ៣៣០០០០ដូស។

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩​នេះ ដែលបាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញនោះផងដែរ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។

នៅក្នុងលិខិតនេះ ឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនបានមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថាជំនួយលើកនេះ នឹងរួមចំណែកជួយដល់វិធានការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយលើកទឹកចិត្តប្រជាជនកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ប្រជាជនជប៉ុន។

កាល​ថ្ងៃ​ទី​១៣ ខែ​កក្កដា ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជាបាន​ប្រកាស​ថា រដ្ឋាភិបាល​សម្រេច​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ AstraZeneca ចំនួន ១​លាន​ដូស​មក​ដល់​កម្ពុជា​តាម​រយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភព​លោក ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩៕SMP