ភ្នំពេញ៖ សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា។
បើតាមស្ថានទូតអាម៉េរិកបានបញ្ជាក់ នាព្រឹកទី ២៣កក្កដា នេះថា៖ យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក(WHO) និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមរម្លឹកផងដែរថាកន្លងមកនេះ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ នៅកម្ពុជាបានលើកឡើងថា សហរដ្ឋអាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់កម្ពុជា ក្នុង ពេលនៃការរីករាលដាលជំងឺជាសាកលមួយនេះ ដោយផ្តល់ជំនួយផ្ទាល់ក្នុងការទប់ស្កាត់ ជំងឺកូវីដ ១៩ មានតម្លៃជាទឹកប្រាក់ ១១ លានដុល្លារអាម៉េរិក ជំនួយជាបច្ចេកទេសដ៏សំខាន់ ក្នុងការពង្រឹងបន្ថែមនូវភាពជាដៃគូផ្នែកសុខភាពដ៏យូរអង្វែង និងផ្តល់ជំនួយជាង ៤ ពាន់លានដុល្លារ ដែលជាជំនួយដ៏ច្រើនលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក៕