ក្រសួងសាធារណការ ចេញប្រកាសព័ត៌មានចំពោះសំណូមពររបស់ម្ចាស់រថយន្តធុនធ្ងន់

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសព័ត៌មានដោយមិនអាច យល់ស្របតាមសំណូមពរពីក្រុមម្ចាស់រថយន្តធុនធ្ងន់ លើការស្នើសុំបន្ថែមទម្ងង់ដឹក ដល់ប្រភេទរថយន្តធុនធ្ងន់ និងការស្នើសុំមិនឲ្យមានការឃាត់រថយន្តទុក បន្ទាប់ពីបង់ការផាកពិន័យរួច។

ក្រសួងបានបញ្ជាក់ថា សំណើសុំទាំង៣ចំនុច របស់ម្ចាស់រថយន្តធុនធ្ងន់ឬអ្នកបើកបររថយន្តធុនធ្ងន់ គឺមិនអាចដោះស្រាយបាននោះទេ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ២៦ និងមាត្រា ៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងក៏អំពាវនាវឲ្យ ម្ចាស់រថយន្តធុនធ្ងន់ ចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ ឲ្យបានស្ថិតស្ថេរគង់វង្ស ជាប់តាមអាយុកាល។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២០កក្កដា មានបាតុភាពនៃការប្រមូលផ្ដុំពីម្ចាស់រថយន្តធុនធ្ងន់ ដែលត្រូវបានក្រសួងសាធារណការ ឃាត់រថយន្តទុករយៈពេល១ឆ្នាំ ដោយសារតែការដឹកលើសទម្ងង់​២០% ស្របតាមច្បាប់ដែលបានកំណត់៕