ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ត្រូវអស់មុខតំណែងដោយប្រើសារផ្ចាញ់ផ្ចាលចំពោះសពឯកឧត្តម ហុង ថែម

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចស្នើសុំដកមុខតំណែង​ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បន្ទាប់ពីបានបង្ហោះសារលើបណ្ដាញសង្គមដោយប្រើមិនសមរម្យចំពោះសពឯកឧត្តម ហុង ថែម។

ឯកឧត្តម ហុង ថែម ដែលមានតួនាទីចុងក្រោយជា ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណៈភាព កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ។ ឯកឧត្តម​ ហុង​ ថែម​ ក៏ធ្លាប់មានស្នាដៃដ៏ច្រើនពីអតីតកាល បានកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩  ព្រមទាំងធ្លាប់ជាអតីត:ប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកល្វាឯម​ ខេត្តកណ្តាល ផងដែរ។

សម្តេចតេជោ បានបង្ហោះសារលើហ្វេសប៊ុកថា៖ ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌។

សម្តេចតេជោ ហ៊ុន សែន ក៏បានបានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពនេះ តាមរយៈលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ផងដែរ។

សូមជម្រាបជូនដែរថាឯកឧត្តម ឌុច សុវណ្ណារី បានបង្ហោះសារ លើបណ្ដាញសង្គមកាលពីថ្ងៃ១៥កក្កដាថា៖ ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត