អង្គការសិទ្ធិមនុស្សមួយ នៅកូរ៉េខាងត្បូង នឹងដកហូតពានរង្វាន់ ដែលបានប្រគល់ទៅឲ្យ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី យកមកវិញ ដោយសារបញ្ហាពាក់ព័ន្ធនឹងជនជាតិភាគតិចរូហ៊ីងយ៉ា នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia។
អ្នកនាំពាក្យអង្គការសិទិ្ធមនុស្ស May 18 Memorial Foundation បានលើកឡើងយ៉ាងដូច្នេះថា «ភាពមិនសូវខ្វាយខ្វល់របស់លោកស្រី ចំពោះបញ្ហាហិង្សា ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា គឺផ្ទុយស្រឡះពីគុណតម្លៃដែលពានរង្វាន់ប្រភេទនេះតម្រូវឲ្យ នោះគឺការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស»។
ដោយសារហេតុផលខាងលើ ក្រុមប្រឹក្សាភិបាលនៃអង្គការខាងលើ នាថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេចនឹងដកហូតពានរង្វាន់ពីលោកស្រី អោងសាន ស៊ូជី វិញ។
គួរបញ្ចាក់ថា ពានរង្វាន់នេះ ត្រូវបានប្រកាស ផ្ដល់ឲ្យលោកស្រី ខណៈដែល លោកស្រីកំពុង ស្ថិតក្រោមការឃុំឃាំងនៅក្នុងគេហឋាន ដោយអតីតរដ្ឋាភិបាលយោធាភូមា តែលោកស្រី ក៏មិនទាន់បានទទួលពានរង្វាន់សិទ្ធិមនុស្ស ក្វាងជូ (Gwangju) នេះដោយផ្ទាល់ឡើយ៕
មូលនិធិ May 18 Memorial Foundation ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ ដើម្បីជាការគោរពដល់ចលនាងើបឈរឡើង ដើម្បីលទ្ធិប្រជាធិបតេយ្យនៅឯទីក្រុង Gwangju កាលពីឆ្នាំ១៩៨០ ៕