រកឃើញអ្នកបានមកចាក់វ៉ាក់សាំង ទី៥លាន គឺជាអ្នកខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំង ទី៥លាន ត្រូវបានរកឃើញថា ជាអ្នករស់នៅខេត្តឧត្តរមានជ័យ មានវ័យ៧០ឆ្នាំ នោះគឺ អ៊ំប្រុស ណុប។ សាររបស់សម្ដេចតេជោ ហ៊ុន សែន លើបណ្ដាញសង្គមក៏បានបង្ហាញនូវការអបអរចំពោះអ៊ំប្រុស ផងដែរ។

សាររបស់សម្ដេចតេជោ ហ៊ុន សែន៖ "សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែ កក្កដាឆ្នាំ២០២១នេះ។"

លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

សម្ដេចតេជោ ក៏បានថ្លែងនូវការអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ និងបានកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង៕