រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វ៉ាក់សាំងប្រភេទ AstraZeneca ដើម្បីបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូស ដល់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុននិងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំង ដែលត្រូវបានផ្តល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។
ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងថា៖ ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស្មើនឹងទឹកប្រាក់ សរុបជាង ៥០លានដុល្លារអាមេរិកហើយ ដល់កម្ពុជា។ អំណោយទាំងនោះរួមមាន៖ ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់ វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យ បានត្រឹមត្រូវផងដែរ រួមជាមួយកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
លោកឯកអគ្គរាជទូតជប៉ុន ក៏បានឆ្លៀតឱកាសនេះសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ៕