ចំណេញលុយទាំងដុំ ហើយបានផ្ទះត្រូវចិត្តទៀតដោយវិធី៧យ៉ាងក្នុងការគិតប្លង់ផ្ទះដោយខ្លួនឯង

១.​ ជ្រើសរើសប្រភេទផ្ទះឱ្យសមស្របនឹងចំនួនសមាជិកគ្រួសារ

ការសង់ផ្ទះមិនចាំបាច់ត្រូវតែជាផ្ទះធំទាំងអស់ទេ ប៉ុន្តែកត្តាសំខាន់បំផុតនោះគឺត្រូវធ្វើយ៉ាងណាឱ្យសមាជិកក្នុងគ្រួសាររស់នៅប្រកបដោយផាសុកភាព។ អាចជា ផ្ទះមួយជាន់ ផ្ទះល្វែង ឬខុនដូដោយធ្វើការពិចារណាលើទំហំដែលសាកសមសម្រាប់មនុស្សម្នាក់ៗរួចយកទៅគិតផ្ទៃផ្ទះទាំងមូល។

២. ជំហានដំបូងត្រូវផ្តោតសំខាន់លើគ្រោងផ្ទះ

បន្ទាប់ពីជ្រើសរើសប្រភេទផ្ទះបានហើយ អ្នកត្រូវផ្តោតសំខាន់លើគ្រោងផ្ទះមុននឹងចាប់ផ្តើមការរចនាផ្នែកខាងក្នុង។ព្រោះទោះបីជាផ្ទះស្អាតក៏ពិតមែន ប៉ុន្តែប្រសិនបើវាមិនអាចបំពេញតម្រូវការប្រចាំថ្ងៃយើងបានទេអ្នកក៏មិនមានសេចក្តីសុខក្នុងការរស់នៅដែរ។ ដោយពិចារណាពីទីតាំងបន្ទប់គេងនីមួយៗ បន្ទប់ទទួលភ្ញៀវ បរិវេណផ្ទះបាយនិងកន្លែងញ៉ាំបាយ ឬសង់ផ្ទះបែប​ Open Plan  ជា​ដើម។

៣. តុបតែងឱ្យសមស្របនឹងទំហំ

ប្រសិនបើផ្ទះមានទំហំតូចគួរធ្វើការតុបតែងបែបសម័យទំនើប។ ដោយសារ​តែពណ៌ និងស្តាយល៍ការតុបតែងបែបនេះធ្វើឱ្យឃើញផ្ទះទូលាយភ្លឺស្វាង និងបរិយាកាសល្អ ជាងការតុបតែងបែបជំនាន់ដើមដែលប្រើជញ្ជាំងក្នុងការបែងចែកបន្ទប់នីមួយៗឃើញផ្ទះកាន់តែចង្អៀតមួយកម្រិតទៀត។

៤. កុំភ្លេចគិតដល់គុណសម្បត្តិនិងគុណវិបត្តិនៃចំណុចនីមួយៗក្នុងផ្ទះ

នៅពេលបានគ្រោងផ្ទះដែលត្រូវចិត្តហើយកុំប្រញាប់សាងសង់ភ្លាមៗ ត្រូវរកនឹកថាតើចំណុចនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ។ ឧទាហរណ៍ងាយៗ ប្រសិនបើអ្នកចូលចិត្តបង្អួចធំៗដែលអាចធ្វើឱ្យផ្ទះភ្លឺ និងមើលទេសភាពបាន ប៉ុន្តែអ្នកត្រូវគិតថាតើបង្អួចនោះស្ថិតនៅទិសដែលពន្លឺព្រះអាទិត្យចាំងចូលដែរឬទេ? ពន្លឺចូលពេលព្រឹក ឬពេលថ្ងៃ? បើពុំនោះទេអាចធ្វើឱ្យក្នុងផ្ទះក្តៅហើយត្រូវរកវាំងននទប់កម្តៅមកជួយ។

៥. កំណត់ថវិកាឱ្យបានច្បាស់លាស់

បញ្ហាមួយទៀតដែលមិនអាចចៀសផុតបានក្នុងការសាងសង់ផ្ទះគឺខ្វះលុយ។ រវល់តែទិញរបស់របរតុបតែងសប្បាយពេក កាន់តែទិញកាន់តែចង់បានធ្វើឱ្យភ្លេចគិតពីថវិកាដែលមាន។ ដូច្នេះអ្នកត្រូវកំណត់ថវិកាឱ្យបានច្បាស់ហើយព្យាយាមចំណាយតាមចំនួនទឹកប្រាក់ដែលបានកំណត់ ដើម្បីចៀសវាងខ្វះលុយពេលចុងក្រោយ។ អ្វីដែលសំខាន់គឺ កុំភ្លេចធ្វើបញ្ជីចំណាយឱ្យច្បាស់លាស់ដើម្បីដឹងថា ទិញបានអ្វីខ្លះហើយនៅខ្វះអីទៀត នោះអ្នកនឹងដឹងថាគួរបន្ថែមបន្ថយត្រង់ចំណុចណា​ខ្លះ។

៦. សុំយោបល់ពីអ្នកមានបទពិសោធន៍

នេះគឺជាការកាត់បន្ថយបញ្ហាទាំងពួងដែលអ្នកអាចនឹងនឹកមិនដល់។ គួរសុំការប្រឹក្សាពីអ្នកមានបទពិសោធន៍ក្នុងការសង់ផ្ទះ ឬរចនាបថអាចជាអ្នកស្គាល់គ្នាឬអ្នកជំនាញដូចជា ស្ថាបត្យករ ឬអ្នកតុបតែងផ្នែកខាងក្នុងជាដើម។ ព្រោះពួកគេមានចំណេះដឹងស៊ីជម្រៅទាក់ទងនឹងរឿងនេះ អាចផ្តល់ដំបូន្មានបានគ្រប់ជ្រុងជ្រោយ រួមទាំងការកែសម្រួលចំណុចខ្វះខាតដើម្បីឱ្យផ្ទះកាន់តែគួរឱ្យចង់រស់នៅមួយកម្រិតទៀត។

៧. ជឿលើវិចារណញ្ញាណខ្លួនឯងខ្លះ

ការរចនាផ្ទះមិនមានខុសមានត្រូវទេ ដូច្នេះអ្វីដែលសំខាន់បំផុតគឺភាពសមស្របនិងតម្រូវការ។ តាមការបកស្រាយខាងលើប៉ុន្មានចំណុចនេះអ្នកមិនចាំបាច់ធ្វើឱ្យបានគ្រប់ចំណុចទេរឿងខ្លះក៏គួរធ្វើតាមការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកដែរ។ ប្រសិនបើអ្នកគិតឃើញថាវាជាអ្វីដែលអ្នកចូលចិត្ត និងសមស្របជាមួយជីវិតប្រចាំថ្ងៃហើយគួរជឿលើការយល់ឃើញរបស់ខ្លួនឯង​ ព្រោះផ្ទះដែលធ្វើហើយអ្នកត្រូវរស់នៅក្នុងផ្ទះនេះយូរឆ្នាំទៅមុខទៀត។