ភ្នំពេញ ៖ មានការលើកឡើងថា ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ ដែលញាំញីដោយវិបត្តិនៃការរាលដាលជំងឺកូវីដ១៩ ដោយក្នុងនោះ មួយចំណែកធំបានលើកឡើងពីក្ដីបារម្ភទៅទីផ្សារផ្នែកលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមដែលវិនិយោគ និងអភិវឌ្ឍដោយអ្នកនៅក្នុងស្រុក។
ខុសពីការលើកឡើងខាងលើនេះលោកឧកញ៉ា ម៉ាន់ ច័ន្ទឌី នាយកប្រតិបត្តិក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំកម្ពុជា IQI Cambodia បានអះអាងថា ទីផ្សារលំនៅដ្ឋានកម្រិតមធ្យមនិងក្រោមមធ្យមនៅកម្ពុជាក្នុងដំណាក់កាលនេះ មិនទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដូចការលើកឡើងដោយគ្មានមូលដ្ឋាននោះទេ ផ្ទុយទៅវិញទីផ្សារមួយនេះនៅតែមានដំណើរការ ហើយនៅតែផ្តល់ឱកាសចំណេញពីការវិនិយោគផងដែរ។
លោកឧកញ៉ាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ការលើកឡើងយ៉ាងណា វាយតម្លៃបែបណា វាគឺជាការយល់ឃើញរបស់ពួកគាត់ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ ដែលជាអ្នកប្រឡូកផ្ទាល់ជាអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានផ្ទាល់ផងដែរនោះ គឺមើលឃើញខុសពីពួកគាត់ទាំងស្រុង”។
លោកឧកញ៉ាបន្តថា៖ “បច្ចុប្បន្ននេះទាំងសកម្មភាពសាងសង់របស់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ ទាំងសកម្មភាពនៃការទិញលក់គឺនៅតែមានជាធម្មតា។ សម្រាប់គម្រោងចាស់ៗដូចជាគម្រោងរបស់ខ្ញុំដែលទើបបញ្ចប់ការសាងសង់ គឺលក់អស់ទាំងស្រុងតាំងពីដើមឆ្នាំហើយ កំពុងបន្តគម្រោងបន្ទាប់ស្ថិតនៅតំបន់ជាយក្រុង។
លោកឧកញ៉ាក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនថ្មីដែលទើបអនុវត្តគម្រោងថ្មីតែម្ដង ពួកគេក៏ហាក់មិនទាន់សម្រុកការលក់ចេញដែរក្នុងដំណាក់កាលនេះ ដោយពួកគេបានយកឱកាសនេះសម្រុកសាងសង់សម្រាប់ត្រៀមលក់ក្រោយពេលវិបត្តិមួយនេះបានស្រាកស្រាននៅពេលឆាប់ៗខាងមុខនេះ។ រាល់សកម្មភាពទាំងអស់នេះ សុទ្ធតែបានបង្ហាញថា ទីផ្សារលំនៅដ្ឋានដែលជាផ្នែកមួយក្នុងវិស័យអចលនទ្រព្យមិនជាប់គាំងស្ដូងនោះទេ”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះលោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យក្នុងកំឡុងពេលនេះមិនមែនជាប់គាំងទាំងអស់ហើយក៏មិនមែនមានភាពវិជ្ជមានទាំងអស់នោះដែរ ប៉ុន្តែសម្រាប់អ្នកដែលមានប្រាក់សល់ក្នុងដៃគ្រប់គ្រាន់និងចង់ទិញអចលនវត្ថុទុកវិនិយោគបន្តនៅឆ្នាំបន្ទាប់ដើម្បីទទួលបានផលចំណេញគឺនៅតែមានឱកាស។
លោកឧកញ៉ា ឃាង ពុទ្ធី មានប្រសាសន៍ថ្មីៗនេះថា ៖ “ក្នុងដំណាក់កាលនេះ សម្រាប់អ្នកដែលមានចរន្តសាច់ប្រាក់មិនស្ថិតស្ថេរគ្រប់គ្រាន់យូរអង្វែង គួតែមានការពិចារណាខ្ពស់មុនសម្រេចចិត្តទិញ ប៉ុន្តែសម្រាប់អ្នកដែលមានលុយគ្រប់គ្រាន់មានលុយសល់ក្នុងដៃវាអាចជាឱកាសល្អ ព្រោះតម្លៃអចលនវត្ថុពេលនេះមិនថ្លៃនោះទេ”។
ជាមួយនឹងការលើកឡើងខាងលើនេះលោកឧកញ៉ា ឃាង ពុទ្ធី ក៏បានបញ្ជាក់ផងដែរថាសម្រាប់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបើប្រៀបធៀបទៅនឹងទីផ្សារនៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់ គឺស្ថិតនៅអត្រាទាបនៅឡើយហើយវាក៏បានផ្តល់ឱកាសចំណេញដល់បណ្តាវិនិយោគិនអន្តរជាតិនានា ដែលចូលមកកានកម្ពុជាក្រោយពេលវិបត្តិត្រូវបានថមថយនៅពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្នការចែកចាយវ៉ាក់សាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាចាក់ជូនប្រជាពលរដ្ឋឱ្យបានយ៉ាងហោចណាស់១០ទៅ ១៣លាននាក់ នៅទូទាំងប្រទេសកម្ពុជា៕