ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ដើម្បីគ្រប់គ្រងសំរាមដែលបង្កើតឡើងដោយអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះឱ្យបានល្អ និងដើម្បីចៀសវាងការឆ្លងបន្តទៅអ្នកដទៃ។
តាមរយៈសេចក្ដីជូនដំណឹងដដែល ការរៀបចំនេះគឺ ដើម្បីចៀសវាងការឆ្លងបន្តទៅអ្នកដទៃ ព្រមទាំងងាយស្រួលដល់ប្រតិបត្តិករប្រមូលសំរាម ក្នុងការប្រមូល និងដឹកជញ្ជូននោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
- ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត
- ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងខាងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើកពី៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
- ត្រូវដាក់សំរាមក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
- ត្រូវប្រើប្រាស់ស្បោងសំរាម ដែលមានចំណុះ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។