ទីផ្សារការិយាល័យជួលនៅតែបន្តជួបបញ្ហា ខណៈការផ្គត់ផ្គង់អាចលើសពីតម្រូវការជាក់ស្ដែង

រាជធានីភ្នំពេញ៖ ខុសប្លែកពីគម្រោងសាងសង់អគារពាណិជ្ជកម្មធំៗមួយចំនួន ដែលវិនិយោគដោយក្រុមហ៊ុនមកក្រៅប្រទេស ដែលកំពុងជាប់គាំងឬកាត់បន្ថយ​សកម្មភាព​នោះ សម្រាប់តែការវិនិយោគ និងអភិវឌ្ឍន៍សាងសង់អគារការិយាល័យជួលនៅក្នុងរាជធានីភ្នំពេញ នៅតែបន្តសកម្មភាពហើយបានបញ្ចប់គម្រោង​សាង​សង់ថ្មីចំនួន៦គម្រោង ស្មើនឹងប្រមាណជាង៦៤,០០០ម៉ែត្រការ៉េ និងបានដាក់បញ្ចូលទៅក្នុងទីផ្សាររួមបន្ថែមទៀត។

តាមរយៈរបាយការណ៍ស្រាវជ្រាវយ៉ាងលម្អិត ពីសំណាក់ក្រុមហ៊ុនជំនាញ CBRE Cambodia បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះគិតត្រឹមឆមាសទី១​កន្លង​ទៅ​ថ្មីៗនេះ ទីផ្សារការិយាល័យជួលទូទៅក្នុងរាជធានីភ្នំពេញតម្រូវការជួលនៅតែមិនទាន់វិលត្រឡប់ទៅរកភាពមមាញឹក ដូចគ្រាមុនមានព្រឹត្តិការណ៍នៃ​ការ​រាតត្បាត​ជំងឺកូវីដនៅឡើយនោះទេ ដែលផ្ទុយពីការសាងសង់ និងដាក់បញ្ចូលក្នុងទីផ្សាររួមនៅតែបន្ត។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះគម្រោងសាងសង់អគារការិយាល័យជួលចំនួន៦ត្រូវបានបញ្ចប់ ហើយ​ដាក់បញ្ចូលក្នុងទីផ្សាររួមចំនួន ៦៤,៣៥៨ ម៉ែត្រការ៉េហើយតម្លៃជួលគិតជាមធ្យមស្ថិតក្នុងចន្លោះប្រមាណ ២៣.៣៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈ​កំណើនថ្មីនៃការផ្គត់ផ្គង់អាចនឹងមានបន្ថែមប្រមាណ៥២.៦៥៩ម៉ែត្រការ៉េទៀត នឹងត្រូវដាក់បញ្ចូលនៅក្នុងទីផ្សាររួមនៅដំណាច់ឆមាស​ទី២ខាងមុខនេះ។និយាយជារួមការកើនឡើងនូវចំនួនផ្គត់ផ្គង់ទាំងនេះអាចនឹងធ្វើឱ្យលើសពីតម្រូវការជាក់ស្ដែង។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោក James Hodge បានលើកឡើងថា ទីផ្សារអចលនទ្រព្យកម្ពុជា ​អាចចាប់​ផ្តើមមាន​ដំណើរការឡើងវិញក្នុងសភាពយឺតនៅដំណាច់ឆ្នាំ២០២១ជាពិសេសក្រោយពេលដែលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កាន់​តែមានភាពទូលំ​ទូលាយ ហើយរហូតដល់ឆ្នាំ២០២២ ទីផ្សារមួយនេះនឹងមានកំណើនលឿនបន្តិចឡើងវិញ ដែលចាប់ផ្តើមចេញពីអ្នកវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់អ្នកនៅ​ក្នុងស្រុក ហើយលំហូរនៃចំនួនអ្នកវិនិយោគក្រៅប្រទេសក៏អាចនឹងចាប់ផ្តើមមានជាបន្តបន្ទាប់ឡើងវិញ៕