ភ្នំពេញ៖ សម្រាប់វិថីព្រះសីហនុ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាបណ្តាអ្នកវិនិយោគនានាបានចាត់ទុកថា ជាវិថីអាជីវកម្មចម្រុះដ៏មមាញឹក ពោលគឺមិនចាញ់បណ្តាវិថីសំខាន់ៗ និងផ្លូវធំៗប្រចាំនៅរាជធានីភ្នំពេញដទៃទៀតនោះទេ ហើយតម្លៃអចលនវត្ថុដែលស្ថិតនៅស្របនឹងវិថីមួយនេះក៏មានកម្រិតផងដែរ។
បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់អចលនវត្ថុដែលស្ថិតនៅស្របតាមបណ្តោយវិថីព្រះសីហនុ គឺមានភាពមមាញឹកសម្រាប់ការប្រកបអាជីវកម្មចម្រុះ ដោយក្នុងនោះមានទាំងអាជីវកម្មខ្នាតមធ្យម និងកម្រិតខ្ពស់ដោយឡែកចំពោះតម្លៃក៏មានកម្រិតខ្ពស់មិនចាញ់តំបន់ពាណិជ្ជកម្មបឹងកេងកងនោះឡើយ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21Fortuna investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ប្រភេទអចលនវត្ថុដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុគឺមានភាពខុសគ្នា ហើយតម្លៃក៏មានកម្រិតខុសគ្នាអាស្រ័យទៅតាមទីតាំង តំបន់ និងទំហំផងដែរ។
លោកបានលើកឡើងថា «យើងនិយាយគិតត្រឹមអាងទឹកអូឡាំពិក រហូតមកដល់ចំណុចស្តុបអគារ៤២ជាន់ភាគច្រើនជាប្រភេទផ្ទះល្វែង ដោយទាំងសងខាងផ្លូវសុទ្ធតែមានប្រកបអាជីវកម្មចម្រុះជាច្រើន ហើយតម្លៃអចលនវត្ថុគឺមានកម្រិតខ្ពស់ ដែលគិតត្រឹមតែតម្លៃដីមួយម៉ែត្រការ៉េមិនក្រោម ៤,៥០០-៥,០០០ដុល្លារនោះឡើយ។ ដោយឡែកចាប់ពីចំណុចស្ដុបអគារ៤២ជាន់រហូតដល់ផ្លូវបំបែកវត្តលង្កា ក៏មានតម្លៃថ្លៃខ្ពស់ហើយនៅទីតាំងខ្លះអាចលោតឡើងខ្ពស់រហូតដល់៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន ដោយសារតែនៅតំបន់នេះភាគច្រើនត្រូវបានប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្មជាតិ-អន្តរជាតិកម្រិតខ្ពស់»។
យ៉ាងណាក៏ដោយ នៅក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ចាប់គិតពីដើមឆ្នាំ២០២០រហូតមកតម្លៃអចលនវត្ថុនៅតាមបណ្តោយវិថីមួយនេះហាក់មិនមានអត្រាឡើងថ្លៃនោះទេ ដោយសារតែតម្រូវការប្រើប្រាស់ពិតប្រាកដមានការធ្លាក់ចុះបន្តិចក្រោមឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងយាយីដល់ពេលពេលបច្ចុប្បន្ន៕