ប៉ាម៉ាក់​គួរដឹង! គន្លឹះប្រើម៉ាស៊ីនត្រជាក់កុំឱ្យប៉ះពាល់សុខភាពកូនតូច

១.ប្រើសីតុណ្ហភាពឱ្យបានត្រឹមត្រូវ

សម្រាប់ទារកដែលទើបនឹងកើត(អាយុក្រោម៣០ថ្ងៃ) រាងកាយរបស់ពួកគេនៅមិនទាន់អាចស៊ាំជាមួយសីតុណ្ហភាពម៉ាស៊ីនត្រជាក់ដូចមនុស្សធំឡើយ ជាពិសេសទារកដែលកើតមិនគ្រប់ខែ។ ចំពោះសីតុណ្ហភាពខាងក្រៅដូចគ្នាមនុស្សធំអាចមានអារម្មណ៍ថាក្ដៅស្អុះ ប៉ុន្តែសម្រាប់ទារកអាចមានអារម្មណ៍ត្រជាក់។

ចំណែកសម្រាប់ទារកដែលកើតគ្រប់ខែធម្មតា ឬត្រូវបានប៉ាម៉ាក់មើលថែទាំងបានដិតដល់សីតុណ្ហភាពក្នុងរាងកាយរបស់ពួកគេអាចធ្លាក់មកនៅចន្លោះ 36.5 ទៅ37.5 អង្សារ។ ប្រសិនបើកូនតូចត្រូវបានពាក់ខោអាវជិត ស្រោមដៃស្រោមជើង មួក និងដណ្ដប់ភួយ បន្ទប់គួរតែកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម 26 ទៅ 28 អង្សារបានហើយ។ ត្រឹមកម្រិតនេះ មនុស្សធំអាចមានអារម្មណ៍ថាក្ដៅបន្តិចប៉ុន្តែវាល្មមសម្រាប់កូន។

២. កុំឱ្យខ្យល់ពីម៉ាស៊ីនត្រជាក់ប៉ះចំកូនតូច

ប្រព័ន្ធដង្ហើមរបស់កុមារឆាប់រងប្រតិកម្មខ្លាំងណាស់។ ប្រសិនបើកង្ហារឬម៉ាស៊ីនត្រជាក់ផ្លុំខ្យល់មក​ផ្ទាល់ទៅចំលើមុខនិងក្បាលកុមារ ពួកគេនឹងងាយ​កើតជំងឺផ្លូវដង្ហើមដូចជារលាកទងសួត រលាកសួត ឬឈឺបំពង់កជាដើម។ ល្បឿនកង្ហារគួរតែត្រូវបានកំណត់ទៅកម្រិតទាបបំផុតហើយដាក់ឱ្យវិលទៅមក មិនគួរបាញ់មកចំតាមទិសដៅដែលកុមារស្ថិតនៅដោយផ្ទាល់ឡើយ។

៣. ឧស្សាហ៍លាងម៉ាស៊ីនត្រជាក់

ធម្មតាម៉ាស៊ីនត្រជាក់ត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់រដូវក្នុងពេលបច្ចុប្បន្ន ព្រោះតែអាកាសធាតុចេះតែក្ដៅទៅៗដែលធ្វើឱ្យម៉ាស៊ីនទាំងនោះត្រូវធ្វើការខ្លាំងដើម្បីបង្កើតខ្យល់ត្រជាក់។ ការដើរប្រើយូរទៅ វានឹងករទៅជាធូលី បាក់តេរី និងផ្សិតដែលនៅជាប់សន្ទះម៉ាស៊ីនត្រជាក់ ដែលជាហេតុធ្វើឱ្យប៉ះពាល់សុខភាពគួរឱ្យព្រួយបារម្ភ។ ដូច្នេះអ្នកត្រូវតែយកចិត្តទុកដាក់ចំពោះការសម្អាតម៉ាស៊ីនត្រជាក់ឱ្យបានញឹកញាប់ ជៀសវាងទុកយូរបង្កជាផលប៉ះពាល់ផ្សេងៗ។

៤. ប្រើថ្នាំបន្តក់ច្រមុះកូន និងឧស្សាហ៍ឱ្យកូនញ៉ាំទឹកឱ្យបានច្រើន

ការដែលនៅក្រោមឥទ្ធិពលម៉ាស៊ីនត្រជាក់យូរ អាចធ្វើឱ្យអ្នកមានអារម្មណ៍រងាប៉ុន្តែវាអាចធ្វើឱ្យអ្នកស្ងួតច្រមុះ តឹងច្រមុះ និងស្ងួតស្បែក។ ដូច្នេះហើយម៉ាក់ៗគួរតែឧស្សាហ៍ឱ្យកូនតូចញ៉ាំទឹកឱ្យបានច្រើន ចំពោះកូនដែលកំពុងបៅដោះគួរបង្កើនចំនួននៃការបំបៅដោះបន្ថែម ដើម្បីជៀសវាងការខ្សោះជាតិទឹកក្នុងខ្លួនកូនៗ។ ក្រៅពីនេះ អ្នកអាចបន្តក់សារ៉ូមប្រៃដើម្បីកុំឱ្យកូនស្ងួតច្រមុះពិបាកដកដង្ហើមពេលគេង៕