បច្ចុប្បន្នភាព៖តម្លៃដីនៅបណ្តោយផ្លូវម៉ៅសេទុងតំបន់ពាណិជ្ជកម្ម និងអាជីវកម្មពិសេស

ភ្នំពេញ ៖តំបន់ដែលត្រូវបានចាត់ទុកជាទីប្រជុំពាណិជ្ជកម្មពិសេស និងប្រមូលផ្តុំទៅដោយអាជីវកម្មពិសេសបែបទំនើប នៅតាមបណ្តោយផ្លូវម៉ៅ​សេទុង ស្ថិត​ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ត្រូវបានអ្នកជំនាញផ្នែកសិក្សាតម្លៃអចលនទ្រព្យបញ្ជាក់ប្រាប់ថា មានភាពមិនស្មើគ្នានោះទេដោយ​ទីតាំងខ្លះមានតម្លៃរហូតដល់៦០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ 

បុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃអចលនទ្រព្យភ្នំពេញលោក ឡុង សារ៉េត បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះបើទោះជាបញ្ហា​នៃវិបត្តិ​ជំងឺ​កូ​​វីដ​នៅតែបន្តអូសបន្លាយ និងមានកំណើនអ្នកឆ្លងគួរឲ្យព្រួយបារម្ភប៉ុន្តែវិបត្តិមួយនេះ មិនបានជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យ​ផ្នែកដីធ្លី នៅក្នុង​រាជធានីភ្នំពេញឲ្យធ្លាក់ចុះនោះទេ។

លោកបានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ២០២០រហូតមកដល់ពេលនេះ តម្លៃអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញហាក់មិនមានការធ្លាក់ចុះនោះទេ លើក​លែង​តែចំពោះអចលនវត្ថុខ្លះដែលត្រូវបានម្ចាស់ត្រូវការសាច់លុយបង្វិលជាចាំបាច់និងបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងទីផ្សារ តាមការចរចានិងព្រមព្រៀងគ្នាក្នុង​លក្ខណ្ឌពិសេសណាមួយតែប៉ុណ្ណោះ»។

លោក ឡុងសារ៉េត បានមានប្រសាសន៍បន្តថា សម្រាប់តែអចលនទ្រព្យក្នុងរាជធានីភ្នំពេញ​ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងខណ្ឌចំការមន គឺមិនមានការប្រែប្រួលនោះទេ ខណៈដែលទាំងសកម្មភាពវិនិយោគ និងអភិវឌ្ឍនានានៅតែបន្តទាំងអាជីវកម្មខ្នាតតូចនិងមធ្យម ក៏ដូចជាប្រភេទ​ពាណិជ្ជកម្ម​ដែលវិនិយោគដោយក្រោមហ៊ុនអន្តរជាតិ។

លោកបានបញ្ជាក់ថា៖ «អចលនទ្រព្យនៅតាមបណ្តោយផ្លូវនេះ ត្រូវបានគេបែងចែកជាតំបន់ផ្សេងៗគ្នាដូចជាចាប់ពីចំណុចផ្លូវបំបែកស្តុបធំផ្សារដើមគរ ​រហូត​មកដល់ចំណុចស្តុបផ្សារទួលទំពូង និងបន្តរហូតមកដល់ស្តុបបំបែកបូកគោ តម្លៃអចលនវត្ថុ ក៏ដូចជាតម្លៃដី អាចមានចាប់ពី៤៥០០ រហូតដល់៥០០០ដុល្លារ​ក្នុង​មួយម៉ែត្រក្រឡា ហើយទីតាំងខ្លះត្រូវបានម្ចាស់អចលនវត្ថុប្រកាសដាក់លក់ ក្នុងតម្លៃរហូតដល់៦០០០ដុល្លារក្នុងមួយម៉ែត្រក្រឡាក៏មានដែរអាស្រ័យតាម​ទីតាំង ទំហំ និងស្ថានភាពដី ប៉ុន្តែជាទៅនៅជាប់នឹងផ្លូវធំមួយខ្សែនេះហាក់មិនសូវមានដីនៅទំនេរច្រើននោះទេ»។

លោកបានបញ្ជាក់ថា៖ «សម្រាប់ដីដែលស្ថិតនៅស្របនឹងផ្លូវម៉ៅសេទុង ប៉ុន្តែស្ថិតនៅខាងក្នុង(ផ្លូវតូចខាងក្នុង)អាចមានតម្លៃចន្លោះ​ពី២៥០០ដុល្លារ​រហូត​ដល់​៣៥០០ដុល្លារ ជាពិសេសអចលនវត្ថុដែលស្ថិតនៅទីតាំងប្រជុំជនដែលមានប្រមូលផ្តុំដោយអាជីវកម្មខ្នាតតូចនិងមធ្យម ដូចជាក្បែរសាលាអន្តរទ្វីប ក្បែរស្ថាន​ទូតចិនជាដើម»។

ទោះបីជាយ៉ាងណាក៏ដោយលោកបានអះអាងថា​ តម្លៃដូចដែលបានលើកឡើងខាងលើនេះជាតម្លៃនៅពេលបច្ចុប្បន្នដែលបន្សល់ទុកតាំងពីឆ្នាំ២០២០​មកម៉្លេះ​ ដោយមិនមានឡើងថ្លៃបន្ថែមនោះទេ នៅក្នុងឆ្នាំ២០២១នេះដោយសារតែបញ្ហាវិបត្តិសង្គមដែលកំពុងកើតមានប៉ុន្តែក្រោយពេលវិបត្តិមួយនេះត្រូវ​បានបញ្ចប់ជា​ស្ថាពរនោះតម្លៃប្រាកដជាឡើងបន្ថែមជាមិនខាននោះទេ៕