វិធីកម្ចាត់សត្វកន្លាតពីក្នុងផ្ទះ ដោយប្រើគ្រឿងទេសតែប៉ុន្មានមុខនេះ

កន្លាតគឺជាសត្រូវរបស់មនុស្សភាគច្រើនជាពិសេសស្ត្រីមេផ្ទះតែម្ដង។ ទោះបីវាមិនអាចវាយប្រហារអ្នកណាម្នាក់ឱ្យមានគ្រោះថ្នាក់ឬស្លាប់បានដូចសត្វកាចសាហាវផ្សេងៗ ប៉ុន្តែវាគឺជាប្រភពមេរោគនិងរំខានដល់ការទុកដាក់របស់ក្នុងផ្ទះ ជាពិសេសគ្រឿងទេសដែលត្រូវយកមកដាំស្លឬសូម្បីតែរបស់ប្រើប្រាស់ផ្សេងទៀតដែលមានក្នុងផ្ទះ។ 

ថ្ងៃនេះអ្នកមិនចាំបាច់ទៅចំណាយប្រាក់ទិញថ្នាំកន្លាត ឬផលិតផលគីមីដើម្បីកម្ចាត់វាទៀតទេ ត្រឹមតែគ្រឿងទេសក្នុងផ្ទះបាយប៉ុន្មានមុខគឺគ្រប់គ្រាន់ឱ្យវារត់ចេញពីផ្ទះបានហើយ។

១. កាកកាហ្វេ

ទោះបីកាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សស្ទើរតែគ្រប់គ្នាក៏ពិតមែន ប៉ុន្តែកាកកាហ្វេមិនសូវបានគេមើលឃើញពីអត្ថប្រយោជន៍ ហើយយកមកប្រើឡើងវិញឡើយ។ ជាក់ស្ដែងកាកកាហ្វេនេះ អាចជួយកម្ចាត់កន្លាតបានយ៉ាងមិនគួរឱ្យជឿ។

គេនៅមិនទាន់ដឹងនៅឡើយថា តើមកពីជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេនោះឬយ៉ាងណា ដែលជាមូលហេតុធ្វើឱ្យកន្លាតរត់បាតជើងសព្រាតពេលឃើញកាកកាហ្វេ ក៏ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពពិតមែន។ ដោយគ្រាន់តែឆុងកាហ្វេដែលសល់ពីឆុងលើកដំបូង រួចនោះចាក់ចូលក្រឡតូចមួយហើយដាក់ស្លាបព្រាពីរបីក្នុងនោះ រួចយកទៅដាក់កន្លែងជ្រុងណាងងឹតៗក្នុងផ្ទះ។

សត្វកន្លាតនឹងចូលទៅក្នុងក្រឡនោះ ព្រោះពួកវាត្រូវបានទាក់ទាញដោយក្លិនដ៏ឆ្ងុយរបស់កាហ្វេ ហើយមិនអាចចេញមកវិញនិងស្លាប់ក្នុងនោះតែម្ដង។

២. ម្សៅសូដា

ម្សៅសូដាគឺជាគ្រឿងទេសដ៏ពេញនិយមក្នុងការយកមកសម្អាតនិងប្រើក្នុងគោលបំណងផ្សេងទៀតក្រៅពីធ្វើម្ហូប។ ក្រៅពីអាចសម្អាត និងធ្វើឱ្យសស្អាតហើយម្សៅសូដាមានសមត្ថភាពពិសេសមួយទៀតគឺជួយសម្លាប់សត្វល្អិតក្នុងផ្ទះរួមទាំងកន្លាតផងដែរ។

វិធីប្រើគឺសាមញ្ញដោយគ្រាន់តែលាយម្សៅសូដាជាមួយស្ករសបន្តិចរួចយកវាទៅរោយនៅកន្លែងណាដែលមានកន្លាតច្រើននៅពេលយប់។ សត្វកន្លាតទាំងអស់នោះនឹងស៊ីល្បាយនេះធ្វើឱ្យហើមពោះ និងងាប់ភ្លាមៗតែម្ដង។

៣. ខ្ទឹមសខ្ទឹមក្រហមលាយជាមួយម្រេច

លើកក្រោយពេលអ្នកធ្វើម្ហូបរួចសល់ខ្ទឹមសខ្ទឹមក្រហម និងម្រេច សូមកុំចោលវា។ យកវាមកកម្ចាត់សត្វកន្លាតវិញហើយមិនប៉ះពាល់សុខភាពម្ចាស់ផ្ទះទៀតផង។ ចិញ្ច្រាំគ្រឿងទេសទាំង៣មុខនេះចូលគ្នាឱ្យល្អិតល្អហើយយកទៅដាក់កន្លែងដែលកន្លាតចេញចូលញឹកញាប់ ទុកចោលមួយយប់។ ក្លិនឈួលនៃគ្រឿងផ្សំទាំងបីនេះនឹងបណ្ដេញកន្លាតទាំងនោះចេញពីផ្ទះអ្នកបានយ៉ាងលឿន។

៤. សម្បកត្រសក់

អាថ៌កំបាំងមួយទៀតគឺសម្បកត្រសក់។ពេលអ្នកចិតត្រសក់ធ្វើម្ហូបហើយ សល់សម្បកដែលរៀបនឹងចោលចូលធុងសំរាមនោះ សូមគិតឡើងវិញ។ សម្បកត្រសក់នេះគឺជារបស់ដែលសត្វកន្លាតស្អប់ខ្លាំងណាស់ប្រហែលមកពីក្លិនរបស់វា។ វិធីនេះក៏មិនធ្វើឱ្យប៉ះពាល់សុខភាពរបស់មនុស្សដែរ ប៉ុន្តែបែរជាធ្វើឱ្យផ្ទះរបស់អ្នកមានរបៀបរៀបរយឡើងវិញហើយលែងឈឺក្បាលរឿងសត្វកន្លាតចង្រៃអស់នោះទៀតហើយ៕