ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តកំពង់ឆ្នាំង ជាផ្លូវការ

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តកំពង់ឆ្នាំងជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង និង សម្តេចចៅហ្វាវាំង គង់ សំអុល ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ ២៥មិថុនា ឆ្នាំ២០២១ ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីប្រកាសនេះ ក៏មានការផ្ដាស់ប្តូរលោក នៃ ចារី ពីអភិបាលរងខេត្តកណ្ដាល មកជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។

សូមជម្រាបថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ-១៩ រួមមាន ការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុលជាដើម។

មានប្រសាសន៍នៅក្នុងឱកាសនោះសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានមានប្រសាសន៍ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឱ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។

សម្តេច ក៏បានជម្រុញដល់អភិបាលខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឱ្យកាន់តែមនការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានប្ដេជ្ញាចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរារដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្តល់ជំនឿទុកចិត្តដល់ឯកឧត្តម ឲ្យទទួលបានភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងតួនាទីជាអ្នកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ឱកាសឲ្យឯកឧត្តមចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដា្ឋនឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាងនេះទៅទៀត អភិបាលខេត្តកំពង់ឆ្នាំងថ្មី ក៏បានប្ដេជ្ញាអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានាព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោរពតាមការណែនាំចង្អុលបង្ហាញរបស់ សម្តេចប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ខេត្តកំពង់ឆ្នាំង និងសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានា សំដៅសម្រេចឱ្យបានជាដាច់ខាតនូវសុខសន្តិភាព សេ្ថរភាពនិងការអភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុបបំបាត់គ្រឿងញៀន ការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕