រដ្ឋមន្ត្រីមុខងារសាធារណៈ និងប្រធាន JICA ពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការលើកំណែទម្រង់រដ្ឋបាលសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភកន្លងមករបស់រដ្ឋាភិបាលជប៉ុនជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពិសេសការគាំទ្រដល់កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានរំលឹកផងដែរអំពីសកម្មភាពកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានផ្តល់ជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាល អាហារូបករណ៍ និងកម្មវិធីទស្សនកិច្ចសិក្សាជាច្រើននៅប្រទេសជប៉ុនសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានពិភាក្សាគ្នាដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ។

នៅទីបញ្ចប់នៃជំនួបពិភាក្សាការងារនេះ ទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដោយចាត់ឱ្យក្រុមការងារជំនាញធ្វើទំនាក់ទំនង រៀបចំសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់នាពេលអនាគត៕