សុនខ ​ចំនួន​១០​ក្បាល ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​

ភ្នំពេញ ៖ សុនខ ​ចំនួន​១០​ក្បាល ​ពីអង្គភាព​CMAC នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នៅ​ពាក់​កណ្តាល​ខែក្រោយ​នេះ ខណៈ​សុនខ​ទាំងនេះ ត្រូវ​បាន​បង្ហាត់ រួចរាល់​ហើយ​ដោយ​មន្ត្រី​ជំនាញ CMAC ។

នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា តាមការថ្លែងប្រាប់ទៅកាន់​BTV ឯកឧត្តម ហេង រតនា ដែលជាប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កម្ចាត់​មីន​កម្ពុជា (CMAC) បានលើកឡើងថា ​សុនខ ​ចំនួន​១០​ក្បាល ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ​មន្ត្រី​ស៊ីម៉ាក់ ​និង​ក្រសួងសុខាភិបាល​ រំពឹងទុក​ថា ​ប្រតិបត្តិការ​ប្រើប្រាស់​សុ​នខ​នេះ​ នឹង​ទទួល​បាន​គុណ​ខ្ពស់​។

ឯកឧត្តម ហេង រតនា ​បានបញ្ជាក់ថា ​សុនខ​ទាំង​១០​ក្បាល​នេះ ​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្វឹក​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​នោះ​ នឹង​ត្រូវ​បែងចែក​ជា​ពីរ​ក្រុម ​និង​នៅ​រង់​ចាំតែ​សម្ភារ បន្ថែម​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​តែប៉ុណ្ណោះ​។

សូមជម្រាបដែរថា កាលពីខែមេសា ក្រុមជំនាញសុនខ​ Getxent ដែលបានផ្តល់អំណោយ ជាឧបករណ៍ចាប់ក្លិនវីរុសកូវីដ១៩​ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩​ និងគាំទ្រក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកវីរុសកូវីដ១៩​នៅកម្ពុជា​ ដែលជាគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ​ ក្នុងគោលបំណងស្វែងរកគ្រប់បច្ចេកទេស និងលទ្ធភាពដេីម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា​រួចផុតពីជម្ងឺកូវីដ១៩

ឯកឧត្តម ហេង រតនា៖ ការហ្វឹកហាត់​សុនខ​ប៉ុន្មាន​ខែ​មកនេះ ក្រុមមន្ត្រី​ជំនាញរបស់​CMAC ពុំ​មាន​បញ្ហាលំបាក​អ្វី​នោះឡើយ និងប្រកបដោយទំនុកចិត្តខ្ពស់ ព្រោះនៅ​ប្រទេស​ផ្សេង ​ក៏បាន​ប្រើប្រាស់​រួចហើយ ដូចជា ប្រទេស​អាល្លឺម៉ង់ រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត​៕