គណនី Facebook មួយចំនួន កំពុងលក់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដោយខុសច្បាប់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃ ២១មិថុនានេះ បានបញ្ចេញនូវឈ្មោះ ម្ចាស់គណនីហ្វេសប៊ុកមួយចំនួនដូចជាឈ្មោះ បងប្រុស ទីពីរ, Leng Kuchnika Pol, Srey Nit និង TMS-Trust Medical Services ដែលកំពុងតែលក់ចែកចាយនិងធ្វើតេស្ដ រហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ (ដើម្បីដឹងថាមានឬមិនមានអង់ទីគ័រ) ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

គណនីទាំងនេះ បាននិងកំពុងផ្សព្វផ្សាយលក់តេស្តរហ័ស រកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ជិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះ ទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។ 

សេចក្តីប្រកាសព័ត៌មានសង្កត់ធ្ងន់ថា «ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលទាំងអស់ និងម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវបញ្ឈប់ការផ្សព្វផ្សាយ ឬលក់ ឬប្រើប្រាស់តេស្តរហ័សទាំងនេះជាបន្ទាន់»។  ជាមួយគ្នានេះ ក្រសួងសុខាភិបាល ព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះអ្នកទាំងនេះ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ជ្រាបថា តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជិកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ។

ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់ គោលនយោបាលរបស់រាជរដ្ឋាភិបាល ដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាលអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវឈប់ជឿលើការឃោសនាកុហក បោកប្រាស់ ភូតភរទាំងនោះ ដោយត្រូវបញ្ឈប់ជាបន្ទាន់ ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលខបញ្ជិកាពីក្រសួងសុខាភិបាល៕