រដ្ឋមន្ត្រីក្រសួងអប់រំ ចូលរួមសន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥ សម្រាប់រដ្ឋមន្ត្រីអប់រំ

សន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥សម្រាប់រដ្ឋមន្ត្រីអប់រំ ធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Video Conference និងរៀបចំដោយក្រសួងអប់រំប្រទេសសឹង្ហបុរី សហការជាមួយលេខាធិការដ្ឋានស៊ីមេអូ។ សន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១នេះ មានការចូលរួមពី រដ្ឋមន្ត្រីអប់រំនៃប្រទេសសមាជិកស៊ីមេអូទាំង ១១ប្រទេស ប្រទេសសមាជិកសម្ព័ន្ធទាំង ៨ប្រទេស ប្រតិភូតំណាងសមាជិកគាំទ្រទាំង៥ ប្រតិភូតំណាងមជ្ឈមណ្ឌលទាំង២៦របស់ស៊ីមេអូ និងប្រតិភូតំណាងអង្គការដៃគូសហការរបស់ស៊ីមេអូ។

ស្ថិតក្រោមមូលបទ ភាពចាំបាច់នៃការអប់រំថ្មីក្រោយយុគសម័យកូវីដ១៩ (New Education Imperatives in the Post Covid-19 Era) សន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥សម្រាប់រដ្ឋមន្ត្រីអប់រំនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងចម្បងមួយចំនួនដូចខាងក្រោម៖

១. រៀបចំកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីអប់រំនៃប្រទេសសមាជិកស៊ីមេអូអំពីបញ្ហាប្រឈម ទាក់ទងនឹងការអប់រំដែលបាន និងកំពុងជួបប្រទះក្នុងតំបន់ ក្នុងពេលដ៏ពិបាកនេះ។

២. ផ្ដល់ជាវេទិកាក្នុងការជួបពិភាក្សា និងបញ្ជាក់បន្ថែមអំពី ការរឹតចំណងសាមគ្គីភាពដែលប្រទេសសមាជិកស៊ីមេអូបានកសាងឡើងជាច្រើនឆ្នាំ និងដាក់ចេញផងដែរនូវទិសដៅបន្ទាប់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំតាមរយៈការដាក់សម្ពោធជាផ្លូវការនូវ “ផែនការយុទ្ធសាស្ត្រស៊ីមេអូសម្រាប់ឆ្នាំ ២០២១-២០៣០ (SEAMEO Strategic Plan 2021-2030)”។

សន្និសីទនេះត្រូវបានប្រព្រឹត្តទៅជា ៣វគ្គ ដូចជា៖

- វគ្គទី១៖ កិច្ចប្រជុំចង្អៀត (In-Camera Session) មានការចូលរួមពីប្រទេសសមាជិកស៊ីមេអូទាំង ១១ប្រទេស និងប្រទេសសមាជិកសម្ព័ន្ធ។

- វគ្គទី២៖ កិច្ចប្រជុំពេញអង្គ (Plenary Session) មានការចូលរួមពីប្រទេសសមាជិកស៊ីមេអូទាំង ១១ប្រទេស ប្រទេសសមាជិកសម្ព័ន្ធ ប្រតិភូតំណាងសមាជិកគាំទ្រស៊ីមេអូ ប្រតិភូតំណាងមជ្ឈមណ្ឌលរបស់ស៊ីមេអូ និងប្រតិភូតំណាងអង្គការដៃគូសហការរបស់ស៊ីមេអូ។

- វគ្គទី៣៖ កិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥ សម្រាប់រដ្ឋមន្ត្រីអប់រំ (5th Strategic Dialogue for Education Ministers) មានការចូលរួមពី រដ្ឋមន្ត្រីអប់រំនៃប្រទេសសមាជិកស៊ីមេអូទាំង ១១ ប្រទេស និងក្រុមការងារពាក់ព័ន្ធតែប៉ុណ្ណោះ។

នៅក្នុងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥ សម្រាប់រដ្ឋមន្ត្រីអប់រំ (5th Strategic Dialogue for Education Ministers) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានធ្វើបទអន្តរាគមន៍ ស្ដីពីការត្រៀមលក្ខណៈសម្រាប់អនាគតអ្នកសិក្សា (Preparing Future-Ready Learners)។

នៅក្នុងបទអន្តរាគមន៍នោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងអំពី ការរៀបចំការសិក្សាឡើងវិញក្នុងបរិបទថ្មី ដោយផ្តោតទៅលើ៖

១. ការថែរក្សាអនាម័យ និងការការពារចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ - គ្រូបង្រៀនចំនួន ៩៥% បានទទួលការចាក់វ៉ាក់សាំងការពារ

២. ការបន្តកំណែទម្រង់សាលារៀន ដោយផ្តល់អាទិភាពទៅលើកម្រិតបឋមសិក្សា វិធីសាស្រ្តបង្រៀនថ្មី blended learning ស្វ័យសិក្សា រួមទាំងការអភិវឌ្ឍSTEM

៣. ការប្រែក្លាយបរិបទកូវីដ១៩ ទៅជាឧកាសសម្រាប់ពង្រឹង និងពន្លឿនការអប់រំបែបឌីជីថល

៤. ការផ្តល់អាទិភាពលើកញ្ចប់ថវិកាក្នុងការធ្វើកំណែទម្រង់សាលាគរុកោសល្យ ដើម្បីពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន

៥. ការពង្រឹងការអប់រំពិសេស ដើម្បីធានាបានការអប់រំបរិយាបន្ន

៦. ការផ្តល់អាហារូបករណ៏ និងអាហារូបត្ថម្ភជូនដល់សិស្សានុសិស្សក្រីក្រ និងការផ្តល់ការលើកទឹកចិត្តដល់គ្រូបង្រៀននៅតំបន់ជួបការលំបាក៕