តើបុគ្គលបែបណាខ្លះ ដែលអ្នកអាចប្រកបអាជីវកម្មជាមួយបាន

នៅក្នុងសង្គមបច្ចុប្បន្ននេះ មានម្ចាស់អាជីវកម្មជាច្រើន បានធ្វើការរកស៊ី ដោយត្រូវការអ្នកចូលរួមសហការជាដៃគួ មកប្រកបអាជីវកម្មជាមួយ។ ជាពិសេសយើងសង្កេតឃើញថាមានយុវវ័យជាច្រើន បានចាប់អារម្មណ៍ជាខ្លាំង ក្នុងការបើករបររកស៊ី បើទោះបីជាពួកគាត់នៅមិនទាន់បញ្ចប់ការសិក្សាក៏ដោយ។ ហេតុនេះហើយធ្វើឱ្យពួកគាត់មានការពិបាកសម្រេចចិត្តក្នុងការចាប់ដៃគួ និងសម្រេចចិត្តរកស៊ី ព្រោះមិនដឹងថាតើត្រូវជឿទុកចិត្តទៅលើអ្នក ដែលគាត់ចង់រកស៊ីជាមួយដោយរបៀបណា។ ហើយទាំងនេះគឺជាបុគ្គលដែលសាកសមឱ្យអ្នករកស៊ីជាមួយ៖

១.បុគ្គលដែលមានទំនួលខុសត្រូវ

ជាបុគ្គលដែលមានទំនួលខុសត្រូវចំពោះការរកស៊ីបានជាក់លាក់ ហានធានាចំពោះកញ្ចប់អាជីវកម្ម ដែលអ្នកបានទិញពីគេមក ដូចជាការបើកហាងកាហ្វេដោយទិញរូបមន្តពីគេ អ្នកត្រូវច្បាស់ក្នុងចិត្តថា យីហោរបស់គេប្រាកដជាលក់មិនកប់ដើម ដោយសារតែមានទីផ្សារស្រាប់។ ជាពិសេសគឺការយកចិត្តទុកដាក់ជាមួយកញ្ចប់អាជីវកម្មដែលអ្នកបានទិញពីគាត់មក។

២.មានទំនាក់ទំនងជាមួយសង្គម

គាត់មានមនុស្សជាច្រើនទទួលស្គាល់ថា គាត់ជាមនុស្សល្អ មិនធ្លាប់មានប្រវត្តបោកប្រាស់អ្នកដទៃ រកស៊ីជាឆ្នាំមកហើយចំពោះមុខរបរដែលអ្នកចង់ចាប់ផ្ដើមដាក់ទុនជាមួយគាត់។ គេស្គាល់ថាគាត់ ជាម្ចាស់អាជីវកម្មមួយនោះ និងធ្លាប់ចូលរួម ដោយមានមុខមាត់ក្នុងសង្គម។

៣.មិនបោកប្រាស់ទំនុកចិត្ត

អាចឱ្យអ្នកសប្បាយចិត្តនៅពេលដែល អ្នករួមអាជីវកម្មជាមួយ ប្រសិនបើគាត់ជាអ្នកលក់ឡេ ឡេរបស់គាត់ត្រូវតែមានគុណភាព ដូចដែលគាត់បានអះអាង ហើយគាត់ក៏ជាអ្នកដែលប្រើប្រាស់ផលិតផលខ្លួនឯងមួយរយភាគរយ ដោយមិនបានបំភ្លើស កុហក់អតិថិជនដាច់ខាត។

៤.មានការទទួលស្គាល់ស្របច្បាប់

មានលខិតធានាពីក្រសួង ឬមន្ត្រីដែលពាក់ព័ន្ធជាមួយអាជីវកម្មរបស់គាត់ បានត្រឹមត្រូវ ប្រសិនបើគាត់ជាម្ចាស់ប្រេនសាប៊ូប្រើប្រាស់លើស្បែក ត្រូវតែមានលិខិតធានាថា ផលិតផលនោះមិនប៉ះពាល់ដល់ស្បែក និងសុខភាពរបស់អតិថិជនដោយប្រការណាមួយឡើយ។ នេះហើយដែលអ្នកអាចផ្ដើមអាជីវកម្មជាមួយបានដោយជឿជាក់។

៥.មានទីផ្សារល្អ

ផលិតផលមានទីផ្សារស្រាប់ មានអ្នកស្គាល់ និងអ្នកប្រើប្រាស់ជាច្រើនបានទទួលស្គាល់ ពេញចិត្តចំពោះផលិតផលមួយនោះ។ ដូច្នេះហើយ នៅពេលដែលអ្នកចាប់ផ្ដើមរកស៊ីជាមួយម្ចាស់អាជីវកម្ម អ្នកមិនពិបាកច្រើនឡើយ ក្នុងការរកទីផ្សារសម្រាប់ផលិតផលមួយនោះ បែបនេះអ្នកនឹងមិនកប់ដើមរកស៊ីឡើយ។

៦.គុណភាពផលិតផល

ចំពោះផលិតផលត្រូវមានស្តង់ដាបានត្រឹមត្រូវ មានការទទួលស្គាល់គុណភាពទាំងអ្នកលក់ និងអ្នកប្រើប្រាស់។ ឧទាហរណ៍ចំពោះអ្នកប្រកបអាជីវកម្មលក់ឡេ គឺឡេត្រូវតែមានគុណភាព និងប្រសិទ្ធភាពចំពោះអ្នកប្រើប្រាស់ ថាឡេរបស់គាត់មានប៉ះពាល់ដល់ស្បែក ឬអាចធ្វើឱ្យស្បែករងប្រតិកម្មឬអត់ អ្នកលក់ផ្ទាល់គាត់មានប្រើប្រាស់ផលិតផលរបស់ខ្លួនឬអត់។ ទាំងនេះគឺជាបញ្ហាដែលអ្នកត្រូវតែដឹង មុនពេលសហការរកស៊ីជាមួយអាជីវកម្មអ្វីមួយ។

ទាំង៦ចំណុចតូចៗខាងលើ ជាវិធីសាស្រ្តដែលអាចជួយ ឱ្យអាជីវករថ្មីចាប់ផ្ដើមរកស៊ី ដោយមានទំនុកចិត្ត។ ម្យ៉ាងទៀក៏ជារបៀបមួយសម្រាប់ឱ្យអ្នករកស៊ី មិនត្រូវគេបោកប្រាស់ ព្រមទាំងទទួលបានជោគជ័យនៅក្នុងកាចេញររកស៊ីដំបូង៕