អាជ្ញាធរជាតិអប្សរាចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេង Total Cambodge លើការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរាបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Total Cambodge ដែលពិធីនេះធ្វើឡើងរវាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Asif IQBAL នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Total Cambodge ប្រចាំប្រទេសកម្ពុជា ស្តីពីការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ។ ពិធីនេះ ក៏មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង និងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។

ការចុះកិច្ចព្រមព្រៀងក្នុងការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរនាពេលនេះ​ គឺជាការឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយទេសភាព បរិស្ថាន ធម្មជាតិ និងប្រាសាទ​ ក៏ដូចជាកាត់បន្ថយឧស្ម័នពុលនៅក្នុងរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។

ក្នុងឱកាសនោះ​ លោកជំទាវបណ្ឌិតសភាចារ្យក៏បានសម្តែងអំណរគុណ និងកោតសរសើរពីការចូលរួមចំណែករបស់ក្រុមហ៊ុន Total Cambodge ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមចំណែកទៅលើសកម្មភាពជាច្រើនក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន៕