ភ្នំពេញ៖ ស្វីសគ្រោងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥២លានដុល្លារដល់កម្ពុជា ក្នុងរយៈពេល៤ឆ្នាំគឺពីឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៥។នេះបើតាមលទ្ធផលនៃកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
កិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២០។ រីឯ ភាគីស្វីស ដឹកនាំដោយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភា្នក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជំនាញនៃទីភ្នាក់ងារ SDC សរុបទាំងអស់ប្រមាណ ៦០ រូប។
ក្នុងកិច្ចប្រជុំនេះបានប្រមូលធាតុចូលដើម្បី ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំ កម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់កម្ពុជា ក្នុងក្របខណ្ឌសហប្រតិបត្តិការតំបន់មេគង្គ ២០២២-២០២៥ ឲ្យបានគ្រប់ជុ្រងជ្រោយ។ ជាលទ្ធផល ភាគឺទាំងពីរបានសម្រេចឯកភាពជាគោលការណ៍ កំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្នាំ ២០២២-២០២៥ រួមមាន៖
- វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ
- ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន
- និងចុងក្រោយគឺ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ។