អ្នកភូមិព្រះដាក់ អាចម្ចាស់ការលើការងារគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានដោយខ្លួនឯង

ស្រុកបន្ទាយស្រី៖ ទីបំផុត អ្នកភូមិព្រះដាក់អាចម្ចាស់ការលើការងារគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន “ដោយខ្លួនឯងផ្ទាល់” បានទាំងស្រុងហើយ បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងបានយ៉ាងរលូនអស់រយៈពេល៥ខែរួចមក។ នេះបើតាមការលើកឡើងរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។

លោកបានរៀបរាប់ថា៖ ការខិតខំប្រឹងប្រែងបង្កើតសេវាប្រមូលសំរាមនៅតាមភូមិ ក្រោមរូបមន្ត«សហគមន៍ស្វ័យគ្រប់គ្រង»ក្នុងរយៈពេលកន្លងមកបានហុចផ្លែផ្កាឱ្យជាវិជ្ជមាន ដែលក្នុងនោះសូចនាករសំខាន់ៗដូចជា ភាពស្អាតឋិតថេរជាប្រចាំនៅក្នុងភូមិ និងការបង់កម្រៃសេវាបានទៀងទាត់ពីសំណាក់អ្នកភូមិ បានស្តែងចេញពីភាពជោគជ័យបឋមនៅក្នុងជំហានដំបូងៗនេះ។ 

អ្វីជាសហគមន៍ ស្វ័យគ្រប់គ្រង?

«សហគមន៍ស្វ័យគ្រប់គ្រង»គឺជាទម្រង់ប្រមូលសំរាមមិនមែនដើម្បីប្រាក់ចំណេញមួយ ដែលរដ្ឋបាលស្រុកបានព្យាយាមជម្រុញលើកទឹកចិត្ត និងជឿជាក់ថានឹងអាចមានប្រសិទ្ធភាព ការទទួលខុសត្រូវច្បាស់លាស់ ប្រកបដោយនិរន្តរភាពយូរអង្វែង ជំនួសឱ្យការប្រមូលដោយក្រុមហ៊ុនឯកជន ដែលពិបាកនឹងអនុវត្តបានសម្រាប់ស្រុកបន្ទាយស្រី ដោយហេតុតែការប្រមូលសំរាមនៅតាមទីជនបទនៅមានទំហំតូចពេក មិនងាយនឹងរកបានក្រុមហ៊ុនដែលចាប់អារម្មណ៍ចង់មកដាក់ទុនវិនិយោគនៅឡើយទេ។

ប្រាក់ចំណេញនឹងយកដើម្បីធ្វើអ្វី?

សហគមន៍ត្រូវបានផ្តល់ស្វ័យភាពក្នុងការគ្រប់គ្រង និងប្រមូលថ្លៃសេវា តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋានដដែល។ ប្រតិបត្តិការរបស់សហគមន៍ត្រូវធ្វើឡើងក្នុងគោលដៅមិនមែនដើម្បីប្រាក់ចំណេញ ហើយនៅក្នុងពេលអនាគត ប្រាក់ចំណូលដែលនៅសេសសល់នឹងត្រូវយកទៅប្រើប្រាស់ក្នុងការពង្រឹងប្រសិទ្ធភាព និងយន្តការនៃការប្រមូលសំរាម ដូចជាការដាក់ពង្រាយធុងសំរាមបន្ថែម ទិញឧបករណ៍សម្ភារៈប្រមូល ពង្រីកកំលាំងអ្នកប្រមូលសំរាម និងរៀបចំឯកសណ្ឋានសម្រាប់កម្មកររបស់សហគមន៍ជាដើម។ 

សហគមន៍មានកាតព្វកិច្ចបន្ថែមខ្លះទៀត ដូចជាធ្វើការញែកសំរាមដើម្បីកែច្នៃ បោសសំអាតថ្នល់ និងរើសសំរាមគ្មានម្ចាស់ដែលរ៉ាយប៉ាយពាសវាលពាលកាល ចំណែកឯអាជ្ញាធរមូលដ្ឋានក៏នៅតែបន្តដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យវាយតម្លៃ កៀរគរការចូលរួម និងលើកទឹកចិត្តផងដែរ។ 

លោកអភិបាលស្រុក៖ រដ្ឋបាលស្រុកក៏សង្ឃឹមជឿជាក់ថា នឹងអាចពង្រីកវិសាលភាពនៃការប្រមូលសំរាមក្រោមទម្រង់បែបនេះទៅកាន់ភូមិដទៃទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕