កណ្ដាល៖ ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ រស់នៅក្នុង សំណង់បណ្តោះអាសន្ន លើខ្នងទំនប់៥៤, ៩២, ៩៤ ស្ថិតក្នុងទីតាំង គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បានទទួលលំនៅឋានអចិន្ត្រៃយ៍ ដែលកម្មវិធីនេះ បានរៀបចំឡើងដោយមានវត្តមាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ។
ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ពិធីប្រគល់លំនៅ ឋានអចិន្រ្តៃយ៍ ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ នាពេលនេះ គឺបានបង្ហាញ អំពីការគិតគូរយក ចិត្តទុកដាក់ខ្ពស់ អំពីសិទ្ធិរស់រានមានជីវិត ប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ ក្រោមដំបូលនៃសុខសន្តិភាព ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានបន្តថា នៅពេលគម្រោងសាងសង់ព្រលានយន្តហោះ អន្តរជាតិថ្មី ស្ថិតនៅក្នុងដំណាក់ការសាងសង់ យើងប្រាកដជាជួបប្រទះនូវបញ្ហាប្រឈមមួយ ចំនួនដូចជា ផលប៉ះពាល់សង្គម និងបរិស្ថានជាដើម ប៉ុន្តែវាក៏ជាកាលានុវត្តភាពក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ដោយទំហំនៃការសាង សង់ព្រលានយន្ត ហោះថ្មីនេះ នឹងត្រូវការកម្លាំង ជំនាញជាច្រើនពីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានច្រើន។
ឯកឧត្តមអភិបាលក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំចូលរួមដោះស្រាយ ទទួលយកនូវសំណងផលប៉ះពាល់ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់លទ្ធភាពជូនរាជរដ្ឋាភិបាល ក៏ដូចជា ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិថ្មី បន្តនូវការអភិវឌ្ឍការសាងសង់ ព្រលានយន្តហោះថ្មីនេះ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ នៅមូលដ្ឋាននាពេលខ្លីខាងមុខ។
សូមបញ្ជាក់ថា លំនៅឋានអចិន្ត្រៃយ៍នេះមានទំហំ ៥ម៉ែត្រ គុណ ៨ម៉ែត្រ លើផ្ទៃដី ៥ម៉ែត្រគុណ២០ម៉ែត្រ ដែលសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់ សំណង់បន្ថែម នៅលើទីតាំងដីឡូត៍ ផ្នែកក្រោយ ក្នុងទំហំអតិបរមា ៣,៥ម៉ែត្រ គុណ ៤,៥ម៉ែត្រ ដែលមានគម្លាត ពីរបងដីខាងក្រោយ១ម៉ែត្រ។ ការសាងសង់លំនៅឋាននេះ គឺមានការចុះតាម ដានត្រួតពិនិត្យ ជាប្រចាំពី ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋាន បច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព៕