រកឃើញអ្នកជាប់ពន្ធនាគារ ម១ ចំនួន១៨នាក់ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ មានចំនួន១៨នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ក្នុងថ្ងៃទី២០ ខែឧសភា ។ 

លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក៏បានផ្ញើលិខិតទៅកាន់ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញផងដែរ ដោយសុំផ្អាក ដឹកជនជាប់ឃុំឡើងជំនុំជម្រះនៅសាលាឧទ្ធរណ៍ មួយរយៈសិន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកជាប់ឃុំ១៨នាក់ឆ្លងជំងឺកូវីដ១៩។

ក្នុងលិខិតដដែល លោក យិន គន្ធ ក៏បានបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែ កំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកយកសំណាកពិនិត្យធ្វើតេស្ដរកជំងឺកូវីដ១៩ ផងដែរ៕