លោក គង់ វិចិត្រា៖ កុំប្រៀបធៀប ព្រោះជីវិតមនុស្សម្នាក់ៗសុទ្ធតែខុសគ្នា

មនុស្សម្នាក់ៗកើតមកជាមួយនឹង​ទេពកោសល្យនិងស្ថានភាពខុសៗគ្នា ហេតុនេះ​អ្វីដែលគេមាន យើងអាចមិនមានតែអ្វីដែលយើងមានគេមិនប្រាកដថាមាននោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ វិចិត្រា សហគ្រិនមួយរូប បានលើកឡើងថា មនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ព្រោះធម្មជាតិបង្កើតយើងមកជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ។ យើងមានសមត្ថភាពក្នុងការគិតពិចារណា ក្នុងការធ្វើសកម្មភាពអភិវឌ្ឍនិងអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ ជាក់ស្តែង យើងឃើញហើយថា បច្ចុប្បន្ននេះពិភពលោក​បានបង្កើតបច្ចេកវិទ្យាយ៉ាងអស្ចារ្យ​រហូតធ្វើឱ្យយើងស្ទើរតែមិនជឿថាវាអាចកើតឡើងបានក្នុងជីវិតរស់នៅ។ 

ចំណុចទាំងអស់នេះ សុទ្ធតែកើតឡើងដោយសារការបង្កើតរបស់មនុស្ស។ ហេតុនេះយើងក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមានសក្តានុពលទាំងអស់នោះផងដែរ គ្រាន់តែយើងមិនទាន់បានហ្វឹកហាត់ឬបណ្តុះបណ្តាល​ឱ្យបានល្អដើម្បីបង្កើតភាពអស្ចារ្យទាំងអស់នោះ។

លោក គង់ វិចិត្រា បាននិយាយថា៖ «​មនុស្សម្នាក់ៗសុទ្ធតែខ្លាំង តែគួរឱ្យស្តាយដែលមានមនុស្សជាច្រើនដែលមិនព្រមចំណាយពេលអភិវឌ្ឍខ្លួនឯងឱ្យអស់ពីសមត្ថភាព ហើយអង្គុយរង់ចាំសរសើរអ្នកដទៃទៅវិញ»។

សហគ្រិនខាងលើបានពន្យល់ថា ពិតណាស់ថាការដែលចេះសរសើរ ឬត្រេកអរជាមួយនឹង​ភាពថ្កុំថ្កើងរបស់អ្នកដទៃជារឿងល្អ តែយើងក៏មិនគួរអង្គុយមើលតែគេ ហើយបណ្តោយឱ្យខ្លួនឯងបាត់បង់​សមត្ថភាពក្នុងការអភិវឌ្ឍដែរ។ មានមនុស្សខ្លះ ដោយសារតែចូលចិត្តប្រៀបធៀបពេកបានធ្វើឱ្យគាត់យល់ថាគាត់គ្មានសមត្ថភាពដើម្បីធ្វើរឿងរ៉ាវប្រកបដោយគុណតម្លៃដូចគេ។ បន្ទាប់មក​ក៏បណ្តែតបណ្តោយឱ្យខ្លួនឯង​ឈឺចាប់ និង​បាត់បង់សេចក្តីសុខ​ដោយសារតែជំនឿថាខ្លួនមិនមានសមត្ថភាពដូចគេ។

ជាដំណោះស្រាយ លោកថា យើងគួរបង្កើតចំណុចផ្តោតឱ្យបានល្អទៅលើជីវិតខ្លួនឯងនិងចេះប្រៀបធៀបខ្លួនឯងពីស្ថានភាពមួយទៅស្ថានភាពមួយវិញ។ ជាឧទាហរណ៍យើងអាចចាប់ផ្តើមមើលពីចំណុចខ្វះខាតរបស់ខ្លួនឯង បន្ទាប់មក​ អាច​សាកល្បងជួសជុលវាឬអភិវឌ្ឍវាទៅតាមដំណើរ​បន្តិចម្តងៗ។ បន្ទាប់មក​ទៀតអាចធ្វើការប្រៀបធៀបខ្លួនឯងពីដំណាក់កាលមុនពេលអភិវឌ្ឍខ្លួន ជាមួយនឹងស្ថានភាពបច្ចុប្បន្ន។ 

នៅពេលនោះយើងនឹង​ឃើញពីការ​ប្រែប្រួល​ដ៏គួរឱ្យភ្ញាក់ផ្អើល។ ប្រសិនបើយើងអាចធ្វើបែបនេះបានយើងនឹងមើលឃើញថា យើងអាចមានកម្លាំងចិត្តកាន់តែខ្លាំង នៅរាល់ពេលដែលយើងបានបង្កើតភាពប្រែប្រួលជាវិជ្ជមានរហូតយើងអាចក្លាយជាមនុស្សម្នាក់ ដែលមានការអភិវឌ្ឍប្រកបដោយសេចក្តីសុខ៕