រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចដោយបន្តផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ថែមទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
សូមជម្រាបដែរថា បើទោះជាតួលេខចុងក្រោយ ក្នុងរាជធានីភ្នំពេញ មានការថយចុះចំនួនអ្នកក្នុងបរិមាណទាបជាង២០០នាក់ក្ដី ក៏ក្រុងភ្នំពេញនៅត្រូវបានកំណត់ជាតំបន់ក្រហម និងលឿងទុំ និងលឿន ដែលត្រូវអនុវត្តន៍វិធានការនានាដែលមានជាចាំបាច់ដើម្បីទប់ស្ដាក់ការឆ្លងរីករាលដាលនេះ។
ក្នុងសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យនាយករដ្ឋបាលរាជធានីភ្នំពេញ ស្នងការរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរអង្គភាពក្រោមឱវាទ និងគណៈគ្រប់គ្រងផ្សារ ត្រូវអនុវត្តសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕