លោក សន សៀប៖ ការបង្កើនទ្រព្យតាមរយៈបំណុល គឺជាចំណុចខ្លាំងរបស់អ្នកវិនិយោគ

នៅក្នុងការវិនិយោគដែលអាចទទួលបានផលចំណេញច្រើន ត្រូវបានគេលើកឡើងថា ទាល់តែទិញអចលនទ្រព្យណាដែលមានតម្លៃទាបជាងទីផ្សារ  ហើយការទទួលបានឱកាសវិនិយោគអចលនទ្រព្យក្រោមតម្លៃទីផ្សារគឺត្រូវទាមទារឱ្យមានកិច្ចទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺលទ្ធភាពនៃការទិញ។ 

លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានឱ្យដឹងថា ក្រុមហ៊ុនភ្នាក់ងារនីមួយៗគឺសុទ្ធតែមានបុគ្គលិក បណ្តាញរបស់ខ្លួននៅតាមតំបន់ដែលខ្លួនបានកាន់ ហើយពួកគេបានដឹងពីតម្លៃទីផ្សារអចលនទ្រព្យច្បាស់ ដែលអាចយកមកពិចារណាថាមួយណាដែលមានតម្លៃទាបជាងទីផ្សារ។

នៅពេលបានដឹងពីអចលនទ្រព្យដែលមានតម្លៃទាបជាងទីផ្សារ ត្រូវតែចាប់ឱកាសឱ្យជាប់ បើជាគ្មានធនធានគ្រប់គ្រាន់ ក៏គួរស្វែងរកទុនបន្ថែម អាចជាការចូលទុនជាមួយគេ ឬកម្ចីពីធនាគារ ដែលជាយុទ្ធសាស្ត្របង្កើនទ្រព្យតាមរយៈបំណុលក្នុងរយៈពេលខ្លី។ 

លោក សន សៀប បន្តថា “ជាធម្មតាយើងមិនអាចទៅវិនិយោគគ្រប់ទីកន្លែងបានទេ ព្រោះធនធានរបស់យើងមានកម្រិត។ ប៉ុន្តែយើងអាច យកឱកាសនេះដាក់ខ្លួនឯង ឬក៏ណែនាំផ្តល់ទៅឱ្យអតិថិជន ឬមិត្តភក្តិរបស់យើងដែលមានចំណាប់អារម្មណ៍វិនិយោគរួមគ្នា”។

លោកថា នៅពេលបានធ្វើយ៉ាងដូច្នេះ បន្ទាប់ពីស្ថានភាពជំងឹកូវីដ១៩ ត្រឡប់មកភាពប្រក្រតីវិញនោះនឹងអាចទទួលបានផលចំណេញពីការវិនិយោគ។ មួយទៀតអ្នកវិនិយោគខ្វះដើមទុន ក៏អាចស្វែងរកកម្ចីពីធនាគារណាដែលមានអត្រាការប្រាក់ធូថ្លៃ ដើម្បីយកមកទិញអចលនទ្រព្យណាដែលមានតម្លៃក្រោមទីផ្សារ។ 

លោក សន សៀប បានថ្លែងថា “បើយើងមិនហ៊ានចាប់ផ្តើមវិនិយោគទេ គឺនឹងបាត់បង់ឱកាសយ៉ាងធំ។ ដូច្នេះ យើងត្រូវចាប់យកឱកាស។ ការវិនិយោគបានត្រូវហ៊ានបន្តិចបើគេឱ្យខ្ចីលុយ គួរតែខ្ចីទៅ ឱ្យតែអត្រាការប្រាក់សមរម្យ ឱកាសចំណេញនៅតែមាន”។

លោកបញ្ជាក់ទៀតថា ជាមួយនឹងការិនិយោគលើវិស័យអចលនទ្រព្យនេះ   អ្នកវិនិយោគអចលនទ្រព្យត្រូវវិនិយោគកន្លែងណាដែលមានផលចំណេញច្រើនជាងអត្រាការប្រាក់ដែលខ្លួនបានខ្ចីពីធនគារ។ ការប្រើប្រាស់លុយរបស់អ្នកដទៃ (កម្ចីពីធនាគារ) គឺដើម្បីប្រយោជន៍របស់គេផង និងប្រយោជន៍ខ្លួនឯងផង។ ម្យ៉ាងទៀតគួរកុំភ្លេចអភិវឌ្ឍន៍ខ្លួនតាមរយៈការអានព័ត៌មាន និងសិក្សាឱ្យបានច្រើនពាក់ព័ន្ធនឹងការវិនិយោគ។ ត្រូវតែអភិវឌ្ឍខ្លួនឱ្យទាន់សម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដើម្បីកាន់តែមានភាពងាយស្រួលនៅក្នុងការស្វែងរកទីតាំងអចលនទ្រព្យដែលត្រូវវិនិយោគ៕