ជម្នះឧបសគ្គទាំង៥យ៉ាងដែលរារាំងអ្នកមិនឱ្យសម្រេចគោលដៅ

ដើម្បីក្លាយជាអ្នកមានទំនួលខុសត្រូវចំពោះខ្លួនឯង ហើយនិងការបន្តរៀនសូត្រអ្វីថ្មីៗគឺសុទ្ធតែជាមូលដ្ឋានគ្រឹះដែលអ្នកត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួន។ ការរកប្រាក់ឱ្យបានច្រើនគឺមិនមែនត្រូវកំណត់ដោយកម្រិតនៃការសិក្សា សញ្ញាបត្រឬមកពីមានឪពុកម្ដាយជាអ្នកមានស្រាប់នោះទេ។ វាគឺជាហ្គេមដែលពាក់ព័ន្ធជាមួយបទពិសោធន៍ជីវិតនិងការគិត។ លើលោកនេះ គ្មានអ្វីជោគជ័យដែលទទួលបានដោយងាយនោះទេ។ ដូច្នេះអ្នកត្រូវតែជម្នះនូវឧបសគ្គ ឬរឿងអវិជ្ជមានទាំង៥យ៉ាងនេះដើម្បីកសាងខ្លួនឯងឱ្យជោគជ័យនិងមានទ្រព្យសម្បត្តិទៅថ្ងៃក្រោយ។

១. នៅគាំងជាមួយទស្សនៈរបស់អ្នកនៅជុំវិញខ្លួន

ចូរចាំថាមានតែអ្នកខ្លួនឯងនោះទេដែលអាចយល់ពីខ្លួនអ្នក និងគុណតម្លៃរបស់អ្នក។ ហេតុនេះ មិនថាអ្នកដទៃនិយាយអ្វី ផ្ដល់យោបល់បែបណាក៏មិនជាកត្តាដែលគួរតែអាចមកជះឥទ្ធិពលដល់ខ្លួនអ្នកដែរ។ ប៉ុន្តែទោះបីដឹងបែបនេះក្ដី ក៏នៅមានមនុស្សជាច្រើននាក់ហើយដែលនៅតែវិលវល់ មិនដាច់ស្រលះដោយសារតែគិតពីអ្វីដែលអ្នកនៅជុំវិញខ្លួននិយាយ ហើយបង្កជារនាំងរារាំងខ្លួនឯងពីការខំប្រឹងបន្ត ឬឈានទៅដល់គោលដៅដែលខ្លួនធ្លាប់ស្រមៃចង់បាន។

អ្វីដែលអ្នកគួរធ្វើគឺកុំព្យាយាមពន្យល់អ្នកដទៃអំពីជីវិតរបស់អ្នកច្រើនពេក តែត្រូវមានផែនការ និងអនុវត្តដោយខ្លួនឯងឱ្យបានច្រើនដើម្បីរង់ចាំលទ្ធផលយកទៅបង្ហាញអ្នកទាំងនោះ។ មិត្តភ័ក្ដិ គ្រួសារ សាច់ញាតិ គ្រូ ឬអ្នករួមការងារ -ល- សុទ្ធតែអាចមានមតិយោបល់ផ្ដល់ឱ្យអ្នក តែពួកគេមិនមែនជាមនុស្សដែលមកត្រូវរស់នៅក្នុងជីវិតជំនួសអ្នកឡើយ។

២. ចូលចិត្តរកលេស ឬស្ដីបន្ទោសភ្លាមៗ

ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានអ្នកត្រូវតែនៅឱ្យឆ្ងាយពីការប្រើលេស ឬចូលចិត្តស្ដីបន្ទោស។ ចូរចាំថា មិនត្រូវរកលេសគ្រប់បែបយ៉ាងមិនថាក្នុងរូបភាពអ្វីដែលឱ្យតែខ្លួនឯងសប្បាយចិត្តជាមួយចំណុចអាក្រក់ ឬបរាជ័យរបស់ខ្លួន។ វាអាចជាផ្លូវនាំឱ្យអ្នកបរាជ័យកាន់តែខ្លាំង។

អ្នកត្រូវតែកែប្រែការគិតរបស់អ្នកនេះចេញហើយជំនួសឱ្យការស្ដីបន្ទោស អ្នកត្រូវស្វែងរកឱ្យឃើញថាអ្នកធ្វើមិនបាននោះមកពីកត្តាអ្វីខ្លះ ហើយអ្វីដែលជាចំណុចខ្លាំងរបស់អ្នក។ ត្រូវចាំថា ក្នុងជីវិតមួយនេះលេសមិនអាចនាំឱ្យអ្នករកប្រាក់បានឡើយ ហើយអ្នកដែលរកប្រាក់បាន

៣. ព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា

ប្រសិនបើអ្នកគិតថា ជីវិតរស់នៅដ៏មានន័យគឺធ្វើឱ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នក ឬពេញចិត្តជាមួយអ្នកគ្រប់រឿងនោះ អ្នកកំពុងតែយល់ខុសហើយ។ គ្រប់គ្នាសុទ្ធតែមានការគិតខុសៗគ្នាអំពីស្ថានភាពមួយ ហើយអ្នកក៏មិនអាចទៅផ្គាប់ចិត្តឱ្យមនុស្សគ្រប់គ្នាមកសប្បាយចិត្តជាមួយទង្វើ ឬជម្រើសរបស់អ្នកដែរ។

អ្វីដែលអ្នកគួរធ្វើ គឺយកចិត្តទុកដាក់ចំពោះជីវិតផ្ទាល់ខ្លួនគិតពីសុភមង្គល និងជោគជ័យសម្រាប់ខ្លួនឯង​ គិតពីមេរៀនដែលអ្នកត្រូវរៀនពីអតីតកាល និងបរាជ័យកន្លងមកដើម្បីត្រៀមខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគតទើបជាការប្រសើរ។

៤. ភ័យខ្លាចបរាជ័យ

ការភ័យខ្លាចភាពបរាជ័យ និងការប្រថុយប្រថាននឹងបង្អាក់រូបអ្នកពីការធ្វើសកម្មភាពក៏ដូចជាបោះជំហានទៅរកភាពជោគជ័យ។ ការភ័យខ្លាចដូចជា “បើខ្ញុំធ្វើ ហើយខ្ញុំបរាជ័យនោះ តើអ្នកទាំងនោះនឹងនិយាយស្អីខ្លះ” “បើខ្ញុំមិនអាចជោគជ័យបាន ជីវិតទៅថ្ងៃមុខនឹងទៅជាយ៉ាងណា” “តើខ្ញុំត្រូវធ្វើបែបណា បើធ្វើវាហើយបរាជ័យ?” ... ឃ្លាទាំងនេះសុទ្ធតែរារាំងអ្នក។

ចូរគិតផ្ទុយមកវិញ ដូចជា “បើជោគជ័យខ្ញុំនឹង...” ជាដើមនឹងជម្រុញចិត្តរបស់អ្នកឱ្យរឹងមាំ ហើយរឿងល្អៗនឹងកើតឡើងជាបន្តបន្ទាប់។ ចូរដាក់តែរឿងវិជ្ជមាននៅក្នុងចិត្ត ហើយប្រឹងប្រែងទៅមុខទៀត ទោះមិនបានក្លាយជាមហាសេដ្ឋីក៏ហោចណាស់អ្នកអាចមានជីវភាពសមរម្យរស់នៅយ៉ាងស្រួលដែរ។

៥. មិនបន្តរៀនអ្វីថ្មីៗ

គ្រប់យ៉ាងសុទ្ធតែមានការផ្លាស់ប្ដូរការវិវត្តថ្មីៗដែលអ្នកចាំបាច់ត្រូវតែយល់ដឹងនិងរៀនសូត្រពីវាគ្រប់ពេល។ មិនថាអាយុច្រើនយ៉ាងណា សុទ្ធតែអាចរៀនបានទាំងអស់ ព្រោះការរៀនមិនសំដៅតែលើការសិក្សានៅសាលា ប៉ុន្តែជីវិតប្រចាំថ្ងៃ ការចែករំលែកពីសង្គម និងអ្នកនៅជុំវិញខ្លួនហើយយកមកវិភាគរកចំណុចរួមមួយសុទ្ធតែអាចជួយឱ្យអ្នកអភិវឌ្ឍខ្លួនដើរទាន់សម័យកាលបាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឃុំខ្លួនឯង មិនទទួលយកអ្វីដែលថ្មីហើយគិតថាអ្វីដែលខ្លួនកំពុងធ្វើគឺគ្រប់គ្រាន់ ហើយមិនអភិវឌ្ឍឱ្យទៅសភាពការណ៍ អ្នកកំពុងដើរខុសផ្លូវ គឺទៅរកបរាជ័យដោយខ្លួនឯងនោះហើយ៕