ព្រលានយន្តហោះអន្តរជាតិតារាសាគរ ត្រូវបានពន្យាពេលបើកដំណើរការដឹកជញ្ជូនភ្ញៀវ

ខេត្តកោះកុង៖ ព្រលានយន្តហោះអន្តរជាតិ តារាសាគរ ក្នុងខេត្តកោះកុង ត្រូវបានពន្យាពេលបើកដំណើរការ ដោយសារវិបត្តិកូវីដ១៩ ដែលធ្វើឱ្យមានការយឺតយ៉ាវ ដល់ដំណើរការដឹកជញ្ជូនភ្ញៀវតាមផ្លូវអាកាស ទៅកាន់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រដ៏សំខាន់នេះ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ បានបញ្ចប់ការ សាងសង់កាលពីចុងឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែនៅសល់ការងារ ចាំបាច់មួយចំនូនដែលត្រូវរៀបចំឱ្យបានរួចរាល់ ដែលគ្រោងបើក ប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១នេះ ។

ឯកឧត្តមបានបន្តថា ប៉ុន្តែគម្រោងបើកប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ គឺត្រូវបាន ពន្យាពេលមួយរយៈសិន ដោយសារប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ ឯកឧត្តមក៏រំពឹងថា មុនបំណាច់ឆ្នាំ២០២១នេះ នឹងអាចដំណើរការបាន ដោយសារតែតាមផែនការពីមុន គឺក្នុងខែ០៧អាចឱ្យប្រតិបត្តិការបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវពីរបីខែ ទៀត។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន ឈ្មោះ Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបរាប់ទាំងព្រលានយន្ដហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត ដល់ទៅ៤ម៉ឺន៥ពាន់ហិកតា នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ ។

សូមបញ្ជាក់ថា ការសាងសង់ព្រលានយន្ដហោះតារាសាគរ នៅដំណាក់កាលទី១ ដែលចំណាយអស់ថវិកាប្រមាណ ៣៥០លានដុល្លារ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា៕