ជិត៦០ឆ្នាំ មកដល់បច្ចុប្បន្ន២០១៨ ប្រទេសសឹង្ហបុរី មាននាយករដ្ឋមន្រ្ដីបីរូប

លោក លី ក្វាន់យូ លោក ហ្គោស​ ចុកតុង និងលោក លី សៀនឡុង ជានាយករដ្ឋមន្រ្ដីសឹង្ហបុរី គិតពីឆ្នាំ ១៩៥៩ ដល់បចុប្បន្ន(២០១៨)

សឹង្ហបុរី ឬសាធារណៈរដ្ឋសឹង្ហបុរី ដែលគេស្គាល់ជាទូទៅថា ជាខ្លាសេដ្ឋកិច្ចអាស៊ី និងជាប្រទេសតូចជាងគេ នៅអាស៊ីអាគ្នេយ៍នេះ បានកាន់របបប្រជាធិបតេយ្យអាស្រ័យសភា ដោយមានសភាតែមួយ ហើយមាននាយករដ្ឋមន្រ្ដី ជាអ្នកដឹកនាំអំណាចនីតិប្រតិបត្តិ។

គណបក្សសកម្មភាពប្រជាជន(People's Action Party ហៅកាត់ថា PAP) ជាអ្នកដឹកនាំនយោបាយប្រទេសនេះ តាំងតែពីពេលក្លាយជា​រដ្ឋស្វ័យគ្រប់គ្រង ដែលបានដកខ្លួនចេញពីសមាជិកសហព័ន្ធម៉ាឡេ។ ខាងក្រោមនេះ ជាឈ្មោះ នាយករដ្ឋមន្រ្ដីសឹង្ហបុរីទាំងបីរូប ចាប់ពីឆ្នាំ១៩៥៩៖

នាយករដ្ឋមន្រ្ដីទី១: លោក លី ក្វាន់យូ (LeeKuan Yew) ដែលជាបិតាស្ថាបនាជាតិ បានស្បថចូលកាន់តំណែង​ជានាយករដ្ឋមន្ត្រីដំបូងគេនៅថ្ងៃទី៣មិថុនា ១៩៥៩ និងកាន់កាប់តំណែងនេះរហូតដល់ឆ្នាំ ១៩៩០។ លោក លី ក្វាន់យូ បានទទួលមរណៈភាពហើយ នៅឆ្នាំ២០១៥ និងបន្សល់នូវសឹង្ហបុរីមួយដែលមានសេដ្ឋកិច្ចរីកចម្រើនដូចបច្ចុប្បន្ន។

នាយករដ្ឋមន្រ្ដីទី២៖ លោក ហ្គោស​ ចុកតុង (Goh ChokTong) ឡើងជានាយករដ្ឋមន្រ្ដីបន្តពីលោក លី ក្វាន់យូ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៤ ។ ក្នុងអាណត្តិដឹកនាំរបស់លោក ហ្គោស គាត់បានឆ្លងកាត់នូវវិបត្តិ ហិរញ្ញវត្ថុនៅអាស៊ីឆ្នាំ ១៩៩៧ និងការរីករាលដាលនៃជម្ងឺសារ ។

នាយករដ្ឋមន្រ្ដីទី៣៖លោក លី សៀនឡុង (Lee HsienLoong) ដែលជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីទី៣ ពីឆ្នាំ ២០០៤ រហូតដល់បច្ចុប្បន្ន(២០១៨)៕