ភ្នំពេញ៖ ប្រធានសមាគមអចលនទ្រព្យចំនួន២ បានមើលឃើញពីសញ្ញាវិជ្ជមានឡើងវិញក្នុងវិស័យអចលនទ្រព្យ បន្ទាប់ពីរាជរដ្ឋាភិបាលបើកចំហរ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាភូមិសាស្ត្រនៃរាជធានីភ្នំពេញ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា នៅក្នុងមួយរយៈនេះ ជាពិសេសនៅពេលបើកដំណើរការ និងធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងក្រុង ក៏ដូចជានៅតាមបណ្តាខេត្តទូទាំងប្រទេស អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ បានចាប់ផ្តើមរវល់ជាបណ្តើរៗ ក្រោយពីអាក់ខានមួយរយៈពេលខ្លី។
លោក ច្រឹក សុខនីម បន្តថា បើពិនិត្យមើលទៅលើតួលេខអ្នកដែលឆ្លងនូវជំងឺកូវីដ ១៩ គឺនៅមានចំនួនច្រើន កើនឡើងរាល់ថងៃដែលធ្វើឱ្យការដើរហើយរបស់ប្រជាពលរដ្ឋក៏ស្ថិតនៅក្នុងភាពរួញរានៅឡើយ។ ប៉ុន្តែ បើតួលេខនៃចំនួនអ្នកឆ្លងបានធ្លាក់ចុះច្រើន និង មានការគ្រប់គ្រប់បានល្អប្រសើរ វិស័យអចលនទ្រព្យនឹងមានស្ថានភាពកាន់តែវិជ្ជមានកើនឡើងលឿនជាងនេះ ។
លោក ច្រឹក សុខនីម ថ្លែងបញ្ជាក់ថា " បើសិនចំនួននៃអ្នកឆ្លងកាន់តែតិច ហើយកំណើននៃចំនួនមនុស្សចេញដើរធ្វើអាវកម្មបានច្រើនឡើងវិញ ពេលនោះទីផ្សារអចលនទ្រព្យមួយភាគធំក៏នឹងមានដំណើរការឡើងវិញជាបណ្ដើរៗដែរ ដូច្នេះ ទីផ្សារអចលនទ្រព្យគឺអាស្រ័យលើស្ថានការណ៍សង្គមជាធំ បើស្ថានការណ៍ ទីផ្សារអចលនទ្រព្យក៏ល្អ តែបើស្ថាបការណ៍អាក្រក់នៅអូសបន្លាយវាក៏ទៅតាមនឹងដែរ"។
បើតាម លោក ច្រឹក សុខនីម បានបញ្ជាក់ ថា ពេលនេះក្រុមហ៊ុនភា្នក់ងារលក់អចលនទ្រព្យនិងម្ចាស់ក្រុមហ៊ុនផ្សេងទៀត ត្រូវចាប់ផ្តើម ប្រម៉ែប្រមូលកូនក្រុម ឬបុគ្គលិកឡើងវិញ ដើម្បីពិភាក្សាស្វែងរកឱកាសចាប់យកទីផ្សារក្នុងវិស័យអចលនទ្រព្យ ក្រោយពេលដែលរាជរដ្ឋាភិបាលបើកចំហរការធ្វើដំណើរ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានថ្លែងថា ការបើកឱ្យមានដំណើរការនៅតាមតំបន់កម្សាន្ត ទីរមណីយដ្ឋាន រួមនឹងការឆ្លងខេត្តឡើងវិញរបស់រាជរដ្ឋភិបាល គឺជាចំណុចចាប់ផ្តើមនៃភាពល្អប្រសើរ និងប្រក្រតីភាពក្នុងវិស័យអចលទ្រព្យ។
លោក សំ សុខនឿន បន្តថា អ្វីៗវានឹងរីកចំរើនខ្លាំង និងដំណើការឡើងវិញទាំងស្រុង នៅចុងឆ្នាំ២០២១នេះ ពោលគឺនៅពេលដែលប្រជាពលរដ្ឋខ្មែរបានចាក់វ៉ាក់សំាងបានគ្រប់តាមផែនការរបស់រដ្ឋាភិបាលបានកំណត់។ បើមិនបានគ្រប់គ្នាទេ វានឹងវិលទៅរកដូចឆ្នាំ២០២០ ។
លោក សំ សុខនឿន បញ្ជាក់ថា បើចង់ឱ្យសេដ្ឋកិច្ចខ្មែរមានការរីកចំរើន ចង់ឱ្យវិស័យអចលនទ្រព្យរីកចំរើន និងវិស័យផ្សេងទៀតមានការរីកចំរើន លុះត្រាតែប្រជាពលរដ្ឋខ្មែរយើង នាំគ្នាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា៕