ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំក្រោយច្បាប់សំណង់ចេញជាធរមាន ម្ចាស់សំណង់ដែលបានសាងសង់រួចរាល់ដោយគ្មានលិខិតអញ្ញាត ឬសាងសង់ខុសពីលិខិតអនុញ្ញាតមុនច្បាប់នេះចូលជាធរមាន ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីសំណង់នោះតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់។
យោងតាមច្បាប់ស្តីពីសំណង់ មាត្រា១០៦ចែងថា ក្នុងរយៈពេលកំណត់ខាងលើរាល់ទោសប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងវិស័យសំណង់ត្រូវឲ្យបន្តអនុវត្ត ចំពោះសំណង់ដែលបានសាងសង់រួចដោយគ្មានលិខិតអនុញ្ញាត ឬសាងសង់ខុសពីលិខិតអនុញ្ញាតមុនច្បាប់ចូលជាធរមាន។
មាត្រា១០៧ចែងទៀតថា អាជ្ញាធរមានសមត្ថកិច្ចអាចផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ចំពោះសំណង់ដែលបានសាងសង់រួច ដោយគ្មានលិខិតអនុញ្ញាត ឬសាងសង់ខុសពីលិខិតអនុញ្ញាតមុនច្បាប់នេះចូលជាធរមានក្នុងករណីសំណង់នោះមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងសាធារណៈជន និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ បែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់នេះចូល ជាធរមាន កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
មាត្រា១០៨ចែងថា ក្រោយច្បាប់នេះចូលជាធរមានក្នុងរយៈពេល២ឆ្នាំ មន្ទីរពិសោធន៍សំណង់ដែលបាន និងកំពុងប្រតិបត្តិការ ឬប្រកបអាជីវកម្មត្រូវស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណប្រកបអាជីវកម្មស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា១០៩ចែងថាក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចតម្រូវឱ្យអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យសំណង់ តម្កល់ប្រាក់នៅធនាគារជាតិនៃកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មរបស់ខ្លួន។ អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យសំណង់អាចដកយកប្រាក់តម្កល់វិញនៅពេលឈប់ប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មនោះ និងនៅពេលអាជ្ញាបណ្ណផុតសុពលភាព ឬត្រូវបានដកហូតដោយអាជ្ញាធរមានសមត្ថកិច្ច។
អ្នកទទួលសេវាពីអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យសំណង់ ដែលទទួលរងការខូចខាត មានឯកសិទ្ធិលំដាប់ទី២បន្ទាប់ពីប្រាក់ឈ្នួលរបស់កម្មករនិយោជិត ចំពោះប្រាក់តម្កល់ដូចមានចែងក្នុងកថាលក្ខខណ្ឌ និងនីតិវិធីនៃការតម្កល់ប្រាក់ ការដកប្រាក់តម្កល់ និងចំនួនទឹកប្រាក់អប្បបរមាដែលត្រូវ តម្កល់នៅតែមាការជាតិនៃកម្ពុជាទៅ តាមប្រភេទនៃអាជ្ញាបណ្ណដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកប គឺបើកអាជីវកម្មក្នុងវិស័យសំណង់ត្រូវកំណត់ដោយអនុក្រឹត្យ៕