វិធីគ្រប់គ្រងការចំណាយ ក្នុងពេលកំពុងមានវិបត្តិកូវីដ

អាចនិយាយបានថាក្នុងអំឡុងពេលបិទខ្ទប់នេះ មនុស្សភាគច្រើនកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដោយសារមិនអាចចេញទៅប្រកបការងារឬអាជីវកម្មបានដូចមុន។ ក្រៅពីការបាត់បង់ចំណូលមួយភាគធំហើយនោះ ប្រជាពលរដ្ឋក៏ត្រូវចំណាយលើរបស់ប្រើប្រាស់ម្ហូបអាហារ និងថ្លៃសេវាផ្សេងៗថែមទៀតផង។ ដូច្នេះដើម្បីគ្រប់គ្រងការចំណាយ មិនឱ្យចាយលើសខ្ទង់ជ្រុលអ្នកអាចអនុវត្តតាមចំណុចខាងក្រោម ក្នុងអំឡុងពេលនេះដើម្បីកុំឱ្យប៉ះពាល់ដល់ការរស់នៅខ្លាំងពេក។

១. សន្សំសំចៃថាមពលប្រើប្រាស់ដូចជាទឹក ភ្លើង ហ្គាស

អំឡុងពេលនេះមនុស្សភាគច្រើនត្រូវនៅក្នុងផ្ទះ ហើយត្រូវការប្រើប្រាស់ថាមពលច្រើនលើសពីពេលធម្មតា។ នេះជាហេតុដែលនាំឱ្យថ្លៃទឹក ភ្លើង និងការប្រើប្រាស់ផ្សេងទៀតមានការកើនឡើង ខុសពីពេលមុន។ វិធីមួយដែលអ្នកអាចធ្វើបានដើម្បីកុំឱ្យចំណាយច្រើនលើថាមពលទាំងនេះ គឺគួរប្រើប្រាស់ដោយការសន្សំសំចៃ។ ឧទាហរណ៍ ពីមុនធ្លាប់បើកម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ អាចប្ដូរមកជាការប្រើកង្ហារជំនួស ឬនៅក្នុងបន្ទប់ធំដែលអាចប្រើម៉ាស៊ីនត្រជាក់មួយរួមគ្នាជាដើម។ ចំណែកការបោកគក់សម្លៀកបំពាក់ដែលធ្លាប់ប្រើម៉ាស៊ីនបោក អាចជំនួសដោយការបោកដៃមួយរយៈសិនព្រោះគ្រឿងអេឡិចត្រូនិកទាំងអស់ សុទ្ធតែទាញថាមពលខ្លាំង ដែលនាំឱ្យការចំណាយមានការកើនឡើង។

២.ធ្វើបញ្ជីរបស់ដែលត្រូវទិញចាំបាច់

ក្នុងស្ថានភាពបែបនេះ អ្នកគួរកាត់បន្ថយការចំណាយទាំងឡាយដែលមិនចាំបាច់ដូចជាអាហារសម្រន់ក្រៅផ្ទះ របស់តុបតែងខ្លួន សម្ភារៈនិយមជាដើម ដើម្បីទុកប្រាក់ទិញរបស់សំខាន់ៗដូចជាម្ហូបអាហារប្រចាំថ្ងៃ គ្រឿងទេសចាំបាច់ សាប៊ូនិងរបស់ផ្សេងទៀតដែលអ្នកត្រូវការខានមិនបាន។ ដោយសារចំណូលរបស់អ្នកកំពុងមានការខ្វះខាតមិនដូចពីមុន ដូច្នេះអ្នកគួរធ្វើបញ្ជីរាយនាមមុខទំនិញដែលអ្នកត្រូវការ មុននឹងចេញទៅទិញជៀសវាងការចំណាយខ្ជះខ្ជាយ។

៣. កុំទៅទិញទំនិញពេលគេកំពុងផ្អើល

ទន្ទឹមគ្នានេះដែរ ស្ថានភាពនៃការផ្អើលតគ្នាព្រោះតែព័ត៌មានបែកធ្លាយឬការឮបន្តគ្នាដោយគ្មានមូលដ្ឋានច្បាស់លាស់សុទ្ធតែអាចបង្កចលាចល ដែលនាំឱ្យតម្លៃទំនិញជាពិសេសម្ហូបអាហារឡើងថ្លៃហួសប្រមាណ។ ដូច្នេះ ចូរធ្វើចិត្តឱ្យបាននឹងនររង់ចាំស្ដាប់ការណែនាំពីរាជរដ្ឋាភិបាល ហើយជៀសវាងការសម្រុកទៅទិញតាមដែលគេផ្អើល ព្រោះក្រៅពីទិញទំនិញដែលថ្លៃខ្លាំង ហើយអាចប្រឈមជាមួយការឆ្លងជំងឺកូវីដ-១៩ ដោយមិនដឹងខ្លួនថែមទៀតផង។

៤. ញ៉ាំអាហារដោយសន្សំសំចៃមិនខ្ជះខ្ជាយ

ចំណុចមួយទៀតដែលអ្នកអាចធ្វើបានគឺញ៉ាំអាហារដោយការសន្សំសំចៃជាងសព្វដង។ ឧទាហរណ៍ បាយដាំឱ្យល្មមនឹងការញ៉ាំ ជាជាងការដាំសល់ទុកផ្អូម ចាក់ចោលជាដើម ដែលជាការខ្ជះខ្ជាយ ជាពិសេសក្នុងអំឡុងពេលដែលកំពុងខ្វះខាតបែបនេះ។ ចំណែកម្ហូបអាហារ អ្នកគួរលៃឱ្យបានច្រើនពេល ឬសន្សំសំចៃអាហារ ទិញតែរបស់ដែលត្រូវញ៉ាំកុំឱ្យទុកចោលយូររលួយ ឬខូចចោល។

៥. ដាំបន្លែដោយខ្លួនឯងកាត់បន្ថយចំណាយ

ដោយសារការបិទខ្ទប់អ្នកមិនអាចចេញទៅខាងក្រៅបានស្រួល វិធីម្យ៉ាងទៀតដើម្បីសន្សំសំចៃការចំណាយ ឬកាត់បន្ថយការចេញទៅក្រៅញឹកញាប់អ្នកអាចដាំបន្លែងាយៗនៅផ្ទះដោយខ្លួនឯង។ បន្លែមួយចំនួនមិនចាំបាច់ទាល់តែមានដី ឬទីធ្លាធំក៏អាចដាំបានដែរដូចជា ស្ពៃក្ដោប ត្រកួន ស្លឹកខ្ទឹម ម្ទេស ប៉េងប៉ោះ ត្រឡាច ត្រសក់ ជាដើមដែលគ្រាន់តែមានកេះស្នោ ធុង ការ៉ុង ឬដបទឹកក៏អាចធ្វើបាន។

៦.ស្វែងរកចំណូលតាមផ្លូវផ្សេង ដូចជាអនឡាញ

ទោះបីចំណូលក្នុងអំឡុងពេលនេះត្រូវបានកាត់បន្ថយឬអ្នកខ្លះបាត់បង់ទាំងស្រុង ប៉ុន្តែមានវិធីមួយចំនួនដែលអ្នកអាចស្វែងរកចំណូលបានតាមរយៈការងារអនឡាញដូចជាការបង្ហោះលក់ម្ហូបអាហារតាមអនឡាញ ឬការបកប្រែមាតិកាតាមអនឡាញជាដើម។ ប្រសិនបើអ្នកមានជំនាញពិសេសទាំងនេះ អ្នកនៅតែអាចរកចំណូលបានមួយផ្នែកដើម្បីទ្រទ្រង់ការចំណាយរបស់អ្នកបានមួយរយៈ៕