៦យ៉ាងដែលអ្នកមិនគួរធ្វើជាមួយលុយរបស់អ្នក

លុយគឺជាវត្ថុដ៏មានតម្លៃ ដែលអ្នកណាៗក៏ត្រូវការដើម្បីទិញអ្វីខ្លួនចង់បាននិងបំពេញក្ដីសុខដល់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកមិនចេះគ្រប់គ្រងវាឱ្យបានល្អទេលុយទាំងនោះនឹងផ្ដល់ទុក្ខទោស ឬនាំឱ្យអ្នកមានបញ្ហាទៅវិញ។ ចូរជៀសវាងទង្វើទាំង៦យ៉ាងខាងក្រោមដែលអ្នកមិនគួរធ្វើដាច់ខាតជាមួយលុយរបស់អ្នកដើម្បីរក្សាវាទុក និងបង្កើនវាឱ្យកាន់តែច្រើន។

១. បើកប្រាក់ខែភ្លាមចាយវាយភ្លាមដោយមិនគិតស្ដាយ

តើអ្នកនឹងធ្វើអ្វីក្រោយទទួលបានសារលោតថាប្រាក់ខែចូលកុងហើយ ឬដល់ថ្ងៃបើកប្រាក់ខែនោះ? អ្នកអាចនឹងសប្បាយចិត្ត ហើយនឹកដល់របស់អ្វីខ្លះដែលអ្នកចង់ទិញរួចក៏ដកលុយពីកុង ចាយភ្លាមតែម្ដង។ ប៉ុន្តែអ្នកមិនប្រហែលមិនដឹងទេថាក្ដីសុខមួយនេះអាចនឹងមានវេលាខ្លីប៉ុណ្ណោះ ព្រោះទម្លាប់ដកលុយភ្លាមក្នុងថ្ងៃបើកប្រាក់ខែតែម្ដង អាចនឹងនាំឱ្យអ្នកចំណាយច្រើនដោយមិនដឹងខ្លួន ពេលខ្លះរហូតមិនបានគិតគូរដល់ការសន្សំទៀតផង។

២.ផុងខ្លួនទៅក្នុងការចំណាយដែលអ្នកមិនអាចមានលទ្ធភាពគ្រប់គ្រង

ប្រូម៉ូសិនហិរញ្ញវត្ថុផ្សេងៗដោយជាការដំណាក់កាលដោយគ្មានការប្រាក់ ឬការរំលស់រយៈពេលយូរអីជាដើមនេះសុទ្ធតែជាដែលអាចនាំឱ្យអ្នកផុងខ្លួនចូលទៅក្នុងការចំណាយរយៈពេលវែង ហើយត្រូវបង់ឱ្យបានស្ថិតស្ថេរ។ ពុំដូច្នោះទេ អ្នកនឹងបាត់ទាំងរបស់ដែលអ្នកចង់បាន ក៏ដូចជាប្រាក់ដែលអ្នកបានបង់ទៅហើយនោះថែមទៀតផង។ ចូរពិនិត្យមើលលទ្ធភាពប្រាក់ចំណូលរបស់ខ្លួន មុននឹងសម្រេចចិត្តដូរសេរីឡាន ដូរសេរីទូរសព្ទទំនើប ឬរបស់ផ្សេងទៀតដោយព្រមទទួលយកលក្ខខណ្ឌបង់រំលស់ប្រចាំខែ។ ប្រសិនបើអ្នកមានប្រាក់បម្រុងនៅពេលអាសន្ន អ្នកអាចនៅតែមានលទ្ធភាពបង់បន្ត ប៉ុន្តែប្រសិនបើអ្នកគ្មានប្រាក់បម្រុង អ្នកអាចនឹងជួបបញ្ហានៅពេលណាមួយដោយមិនដឹងខ្លួន។

៣. ដាក់លុយតាមខ្លួនតែមួយមុខ ពេលទៅដើរលេង

ពិតណាស់ការដាក់លុយតាមខ្លួនពេលទៅដើរលេងអាចមានប្រយោជន៍ចំពោះអ្នក សម្រាប់ការចំណាយផ្សេងៗព្រមទាំងការទិញទំនិញផងដែរ។ ប៉ុន្តែអ្នកគួរតែមានកាតធនាគារជាប់ខ្លួនមួយទៀតជាជាងដាក់ប្រាក់សុទ្ធជាប់ខ្លួនតែមួយមុខ ពេលធ្វើដំណើរឆ្ងាយ។ ហេតុផលគឺថាប្រសិនបើអ្នកដាក់លុយសុទ្ធ អ្នកអាចនឹងជ្រុះបាត់ ឬអាចក្លាយជាជនរងគ្រោះព្រោះអំពើចោរកម្មផ្សេងៗជាយថាហេតុ ហើយអ្នកនឹងគ្មានអ្វីមកចាយវាយ ប្រសិនបើប្រាក់ទាំងនោះបាត់បង់ទៅ។

៤. ចំណាយលុយលើរបស់ដែលមិនចាំបាច់

អ្នកខ្លះទម្លាប់ដៃ ឱ្យតែឃើញរបស់អ្វីមួយចេះតែចង់ទិញ ទាំងដែលរបស់នោះមិនចាំបាច់ក៏ដោយ។ ទម្លាប់នេះអាចធ្វើឱ្យអ្នកបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយរបស់ដែលទិញមកនោះមិនអាចយកមកប្រើការអ្វីឱ្យត្រឹមត្រូវបាន។ វាគឺជាការចំណាយដ៏ខ្ជះខ្ជាយ ដែលអ្នកគួរតែប្រយ័ត្នប្រយែង មុននឹងចំណាយប្រាក់ ហើយគួរទុកប្រាក់ដែលទិញរបស់ទាំងនោះមកជាការសន្សំវិញទើបជាការប្រសើរ។ 

ម្យ៉ាងវិញទៀតការទិញទំនិញក្នុងពេលដែលអ្នកកំពុងមានអារម្មណ៍មិននឹងនរ ឬមិនអាចគ្រប់គ្រងអារម្មណ៍បាន ក៏ជាហានិភ័យឈានទៅដល់ការទិញដោយខ្ជះខ្ជាយ ឬចំណាយលើរបស់មិនចាំបាច់ផងដែរ។ ចុងក្រោយមានតែមកអង្គុយស្ដាយក្រោយ មិនគួរទិញរបស់ទាំងនោះសោះ។

៥. មិនអើពើចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន

មនុស្សភាគច្រើនតែនិយាយថា ចង់សន្សំប្រាក់ ប៉ុន្តែការពិតពួកគេមិនដែលយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឡើយដើម្បីឱ្យដឹងថាតើពួកគេមានលុយប៉ុន្មាន ពួកគេបានចំណាយប៉ុន្មាន ហើយទៅលើអ្វីខ្លះ។ ដូច្នេះដើម្បីក្លាយជាអ្នកចំណាយ និងសន្សំលុយដ៏ឆ្លាតវៃ ជាដំបូងអ្នកត្រូវដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាមុនសិន។​

៦. សំញែងលុយដែលខ្លួនមាននៅលើបណ្ដាញសង្គម

មិនថាអ្នកជាមហាសេដ្ឋី ឬជាអ្នករកចំណូលមធ្យមឡើយអ្នកមិនគួរបង្ហោះ ឬបង្អួតស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅលើបណ្ដាញសង្គមឡើយ។ គ្មានអ្នកណាមកឈឺក្បាល ឬចង់ដឹងថាអ្នកមានលុយប៉ុន្មានក្នុងដៃ ឬអ្នកកាន់កាបូបថ្លៃកប់ពពកកម្រិតណានោះទេ។ ជាការពិត ការចែករំលែករូបភាពលុយ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមវាមានតែធ្វើឱ្យអ្នកអាចធ្លាក់ខ្លួនជាជនរងគ្រោះដោយអំពើចារកម្ម អំពើឆបោកឬឧក្រិដ្ឋកម្មផ្សេងៗដែលជាការនាំទុក្ខដាក់ខ្លួនដោយមិនដឹងខ្លួនទៅវិញ៕