ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋានបែបទាន់សម័យ លោក សុខ ជា អគ្គនាយករងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA បានបង្ហើបប្រាប់ថា បើចង់ទិញលំនៅដ្ឋានដែលល្អស្អាត និងមានគុណតម្លៃសម្រាប់ការរស់នៅដែលផ្តល់គុណតម្លៃដល់ជីវិតដូចក្ដីប្រាថ្នា លោកអ្នក ត្រូវតែសិក្សាទៅលើកត្តាសំខាន់ៗចំនួន៤ ដូចខាងក្រោមជាមុនសិន។
ទី១-ទីតាំងគម្រោង ៖ យើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា ទីតាំងគឺជាចំណុចសំខាន់ក្នុងការជ្រើសរើស ឬវិនិយោគទៅលើអចលនទ្រព្យនីមួយៗ ហើយលោកអ្នកអាចជ្រើសរើសទីតាំងដែលលោកអ្នកពេញចិត្ត និងផ្តល់អាទិភាពក្នុងការរស់នៅ ដូចជាជិតកន្លែងធ្វើការ ផ្សារ ឬជិតសាលារៀនកូនៗ ឬស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្មផ្សេង។ មួយវិញទៀតលោកអ្នកក៏អាចជ្រើសរើស និងសម្លឹងមើលបន្ថែមនូវភាពរីកចម្រើននៅក្នុងតំបន់នោះ។ ជានិច្ចកាល តំបន់ដែលទើបតែអភិវឌ្ឍន៍ថ្មី តែងតែផ្តល់ឱកាសនូវផលចំណេញលឿនជាងតំបន់ដែលបានអភិវឌ្ឍន៍រួចហើយ។
ទី២-ប្រវត្តិក្រុមហ៊ុន និងបទពិសោធន៍ ៖ យើងគប្បីគួរតែសិក្សាពីម្ចាស់គម្រោងមានជីវប្រវត្តិ និងស្នាដៃយ៉ាងដូចម្តេច? ចំណុចនេះអាចធ្វើឱ្យយើងស្វែងយល់អំពីទំនួលខុសត្រូវរបស់ក្រុមហ៊ុន។ជាក់ស្តែងយើងកត់សម្គាល់ឃើញមានគម្រោងមួយចំនួន មានតែច្បាប់សាងសង់ ប៉ុន្តែពុំមានវិញ្ញាបនបត្រអភិវឌ្ឍន៍គម្រោងនោះទេ ដែលធ្វើឱ្យគម្រោងនេះ មិនមានលក្ខណៈស្របច្បាប់ពេញលេញ ហើយយើងក៏ត្រូវតែពិនិត្យមើលបន្ថែមទៀតថា គម្រោងនេះមានផ្តល់ជូននូវកម្មសិទ្ធិប្លង់ រឹងជូនពេលបញ្ចប់ការសាងសង់នេះដែរឬទេ? ហើយយើងក៏ត្រូវសិក្សាអំពីកុងត្រាទិញ-លក់របស់ក្រុមហ៊ុនផងដែរ។
ទី៣-គុណភាពសំណង់ និងគម្រោង៖ គម្រោងមេដែលរចនាបានល្អ ពិតជាផ្តល់នៅគុណតម្លៃបន្ថែមនាពេលអនាគត។ ចំពោះសំណង់ផ្ទះដែលរឹងមាំ និងមានស្តង់ដារធ្វើឱ្យការរស់នៅប្រកបទៅដោយផាសុកភាព។ លោកអ្នកក៏ត្រូវមើលបន្ថែមថា តើនឹងមានផ្តល់អ្វីខ្លះ ដែលបន្ថែមជូនដល់អតិថិជន ដូចជា សម្ភារៈក្នុងផ្ទះ គ្រឿងបរិក្ខារក្នុងបុរី សេវាកម្មគ្រប់គ្រងថែរក្សាទូទៅ និងសេវាកម្មគ្រប់គ្រងសន្តិសុខជាដើម។
ទី៤- ទិញក្នុងគម្រោង ៖ បើនិយាយពីទិញក្នុងគម្រោងអតិថិជនគាត់អាចចំណេញច្រើនដោយសារតែ ទី១ អតិថិជនអាចបង់រំលួសដោយអត់ការប្រាក់ ហើយទី២,អតិថិជនអាចតាមដានគុណភាពសំណង់៕