រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា ក្នុងបេសកកម្ម ៥១ថ្ងៃមកនេះ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង ៤៣០០គ្រែ ត្រូវបានរៀបចំរួចរាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។
ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ នោះមាន the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩ កោះពេជ្រ ទី១ និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ)។
ឯកឧត្តម បានថ្លែងអរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ។
ឯកឧត្តម លើកឡើងថា បើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ឱ្យបានឆាប់រហ័ស៕