លោកជំទាវ តាំង ហ្គិចលាង៖ ចង់សម្រេចក្តីស្រមៃ ត្រូវតាំងចិត្តឱ្យមាំហើយធ្វើអ្វីត្រូវធ្វើឱ្យប្រាកដ

នៅលើលោកនេះ គ្មានមនុស្សណាម្នាក់​ដែលមិនចង់ទទួលបានភាពជោគជ័យ ឬ​ក្លាយជាមនុស្សដែលគេគោរពស្ងប់ស្ងែងនោះទេ តែ​មានមនុស្សមិនច្រើនទេដែលអាចឈានដល់ចំណុចទាំងអស់នោះ។

កន្លងមក ​មនុស្សជាច្រើនបានស្វែងរកភាពថ្កុំថ្កើង ​ដោយប្តូរពីមួយកន្លែងទៅមួយកន្លែងនិងគ្មានភាពច្បាស់លាស់។ ទីបំផុត អ្វីដែលគេទទួលបានគឺភាពសោកស្តាយ ការខកចិត្តនិងអារម្មណ៍​ដែលមិនច្បាស់លាស់ ​លើចំណុចណាមួយឱ្យពិតប្រាកដ ឬអាចនិយាយបានថាបរាជ័យ​លើគ្រប់ផ្នែកទាំងអស់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ តាំង ហ្គិចលាង អគ្គនាយិកាក្រុមហ៊ុនឌីហ្វើនីឈឺ បានលើកឡើងថា ដើម្បីសម្រេចជោគជ័យ​លើគ្រប់ផ្នែកទាំងអស់ យើងត្រូវតែមានការតាំងចិត្តឱ្យមាំហើយតស៊ូយ៉ាងស្វិតស្វាញបំផុត។ កន្លងមក​ មានមនុស្សមិនតិចទេ ដែលប្រឡូកក្នុងការរកស៊ីហើ​យ​បោះបង់​ដោយគ្មានភាពច្បាស់លាស់។ ការធ្វើបែបនេះ មានតែធ្វើឱ្យគេ​ខាតបង់ពេលវេលាលុយកាក់ ថាមពល និងទំនុកចិត្តពីមនុស្សជុំវិញខ្លួនទៅវិញទេព្រោះវាជាវិធីដែលគ្មានភាពច្បាស់លាស់។ ហេតុនេះអ្វីដែលត្រូវធ្វើគឺគិតគូរឱ្យបានល្អិតល្អន់​ មុនពេលចាប់ផ្តើមសកម្មភាពឬអាជីវកម្មណាមួយ ហើយត្រូវ​តាំងចិត្ត និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត​។

លោកជំទាវ តាំង ហ្គិចលាង បានបញ្ជាក់ផងដែរថា កាលណាយើងគិតគូរបានល្អិតល្អន់នៅមុនពេលចាប់ផ្តើមនោះយើងប្រហែលជាចំណាយពេលវេលាយូរបន្តិច ដើម្បីស្វែងរកភាពលម្អិតនៅក្នុងគម្រោងទាំងអស់នោះ តែយើងអាចទទួលបានមកវិញនូវ​សកម្មភាពដ៏សមប្រកបផងដែរ។ ផ្ទុយមកវិញប្រសិនបើយើងធ្វើអ្វីតាមចិត្តចង់មួយឆាវៗនោះយើងនឹងអាចប្រឈមជាមួយនឹងបញ្ហាជាច្រើន​ ដោយសារតែក្រោយពេលអស់​មួយអារម្មណ៍នោះទេ យើងនឹងចាប់ផ្តើមចង់ធ្វើរឿងថ្មីទៀត បន្ទាប់មក​យើងក៏អាចនឹងបោះបង់​រឿងរ៉ាវជាច្រើន​ជាបន្តបន្ទាប់ ដោយគ្មានទទួលបានផលអ្វីទាំងអស់។

ជាដំណោះស្រាយអ្វីដែលយើងអាចធ្វើបានគឺគិតឱ្យល្អិត រៀបផែនការឱ្យហ្មត់ចត់ ហើយ​ព្យាយាមអភិវឌ្ឍជាដំណាក់កាលទៅតាមការប្រែប្រួលនៃស្ថានភាពជាក់ស្តែង។ នៅពេលនោះទោះអ្វីដែលយើងកំពុងធ្វើនេះស្ថិតក្នុងដំណាក់កាលលំបាកក៏ដោយក៏យើងនៅតែអាចមានសមត្ថភាពក្នុងការអភិវឌ្ឍ ដោះស្រាយ និងបន្តសកម្មភាពបានដែរ៕