លោក ប៊ុន ផាក៖ហេតុផល៣យ៉ាង ដែលមិនគួរកាន់តែគម្រោងអាជីវកម្ម ហើយស្នើទុនគេមករកស៊ី

មនុស្សជាច្រើនយល់ថា ឱ្យតែមានគំនិតប្រាកដជាអាចធ្វើអាជីវកម្មបាន តែស្ថានភាពជាក់ស្តែងវាមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ។ មានមនុស្សខ្លះ​ពូកកែគិត ពូកែបង្កើត តែមិនពូកែ​អនុវត្តឱ្យវាជោគជ័យនោះទេ។ ហេតុនេះការដែលគ្រាន់តែពូកែគិតមិនទាន់គ្រប់គ្រាន់នៅឡើយទេ វាទាមទារឱ្យមានចំណុចល្អិតៗជាច្រើនផ្សេងទៀតដើម្បីឱ្យគម្រោងអាជីវកម្មរបស់យើងទទួលបានជោគជ័យ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៊ុន ផាកសហគ្រិនមួយរូបនៅកម្ពុជា បានលើកឡើងថា ប្រសិនបើយើងមិនច្បាស់លាស់ជាមួយនឹង​ខ្លួនឯងហើយមានតែគម្រោងអាជីវកម្ម​ យើងមិនគួរកាន់វាទៅសុំទុនពីគេដើម្បីរកស៊ីនោះទេ ព្រោះកាលណា​យើងធ្វើវាមិនបានឬមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ វានឹងធ្វើឱ្យយើងកាន់តែទទួលបន្ទុក។

សហគ្រិនខាងលើបានលើកឡើងថា អ្នករកស៊ី គួរឈប់យកគំនិតអាជីវកម្មរបស់ខ្លួនហើយកាន់ Business Plan ដប់ម្ភៃទំព័រទៅរកអ្នកវិនិយោគហើយរំពឹងថានឹងបាន Fund មក Start Up នោះ។ សម្រាប់រូបលោកផ្ទាល់ គឺលោកខ្លាចបំផុតសហគ្រិនណាដែលនិយាយថា«ខ្ញុំមានពងមួយ ថ្ងៃក្រោយពងនេះនឹងក្លាយជាកូនមាន់ ហើយក្រោយមកនឹងក្លាយជាមេមាន់ ហើយបន្ទាប់មកទៀតនឹងក្លាយជាមាន់ស្ងោរ»។

លោក ប៊ុន ផាក បាននិយាយថា៖ «​ទីមួយ ទោះបីជាគំនិត របស់អ្នកល្អដូចហង្សក៏ដោយបើអ្នកគ្មានសមត្ថភាពធ្វើវាឱ្យក្លាយជាការពិតទេ វាគ្រាន់តែជាគំនិតមួយប៉ុណ្ណោះគំនិតអ្នកណាៗក៏មានដែរ តើសម្អាងអីទើបគេវិនិយោគលើគំនិតរបស់អ្នក?»។

លោកបានបញ្ជាក់ផងដែរថា ចំណុចទីពីរ គឺបើសិនជាអ្នកពិតជាជឿជាក់លើគំនិតរបស់ខ្លួននោះអ្នកនឹងហ៊ានលក់ឡានលក់ផ្ទះ លក់កេរ្តិ៍អាករ ខ្ចីធនាគារធ្វើវាហើយបើអ្នកមិនហ៊ានលះបង់ទាំងអស់នេះទេខ្ញុំគិតថាអ្នកមិនទាន់ជឿជាក់លើខ្លួនឯងគ្រប់គ្រាន់ទេហើយក៏មិនទាន់សាកសមនឹងចាប់ផ្តើមអាជីវកម្មមួយដែរ។

បន្ថែមពីលើនេះ ហេតុផលទីទីបី គឺកុំចេះតែយកលុយដែលមិនគួរយកចាប់ផ្តើមពីតូច ទូកតូចស្រួលបត់ កុំយកលុយមកច្រើនពេក បើ ប្រតិបត្តិការ (Operation) ខ្លួនឯងមិនទាន់ចាស់ទុំផងនោះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមាននិស្សិតជាច្រើន​ដែលចេញពីមហាវិទ្យាល័យភ្លាមចេះក្បួនធ្វើគម្រោងអាជីវកម្ម​ក៏ចាប់ផ្តើមប្រមែប្រមូលគ្នាធ្វើអាជីវកម្មដោយគ្មានបទពិសោធន៍។ ការធ្វើបែបនេះមិនប្រាកដថាខុសទាំងស្រុងនោះទេតែវាទាមទារឱ្យ​មានបទពិសោធន៍ ភាពចាស់ទុំនិងរឿងរ៉ាវជាច្រើនផ្សេងទៀតដើម្បីឱ្យពួកគេក្លាយជាមនុស្សជោគជ័យម្នាក់ក្នុងជីវិតអាជីវកម្ម៕