លោក គង់ វិចិត្រា៖ ចេះប្រមូលគំនិតអ្នកដទៃ ដើម្បីអភិវឌ្ឍ​ជាគុណសម្បតិ្តល្អរបស់សហគ្រិន​

សហគ្រិនភាព ជាពាក្យដែលងាយនិយាយ​និងតែមិនងាយអនុវត្តនោះទេ។ ជាសហគ្រិនល្អម្នាក់ ចាំបាច់ត្រូវតែជាអ្នកដែលមានគំនិតទូលំទូលាយ មានបទពិសោធន៍និងមានគំនិតបត់បែនខ្ពស់បំផុត។

លោក គង់ វិចិត្រា សហគ្រិនមួយរូបដែលជាម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអចលនទ្រព្យ បានលើកឡើងថា សហគ្រិនជាបុគ្គលសំខាន់ដែល​អាចជួយដល់សង្គម តាមរយៈការបង្កើតអាជីវកម្ម​ថ្មីៗដើម្បីដោះស្រាយបញ្ហាសង្គម និង​ជាអ្នកដែលផ្តល់ការងារជាច្រើន​ដល់ប្រជាជន​។ ទោះជាយ៉ាងនេះក្តី ដើម្បីក្លាយជាសហគ្រិនមួយរូបមិនមែនជារឿងងាយពេកនោះទេ។ សហគ្រិន​ត្រូវការចំណេះដឹង​ទូលំទូលាយ មានបទពិសោធន៍ជ្រៅជ្រះ​ ពាក់ព័ន្ធនឹង​វិធីសាស្ត្រដោះស្រាយបញ្ហា និងមានគំនិតបង្កើតថ្មី ដើម្បីធ្វើយ៉ាងណាឱ្យសេវាកម្មឬផលិតផលរបស់ខ្លួន​នៅតែរក្សាភាពសំខាន់ក្នុងទីផ្សារ។

លោក គង់ វិចិត្រា បាននិយាយថា៖«​ដើម្បី​ឱ្យ​យើងក្លាយជាសហគ្រិនដែលមានគំនិតទូលំទូលាយ និងអភិវឌ្ឍបានល្អចាំបាច់ត្រូវតែ​ចេះ​ប្រមូលគំនិតល្អៗរបស់អ្នកដទៃដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើង»។

បើតាមលោក គង់ វិចិត្រា សហគ្រិនចាំបាច់ត្រូវតែសិក្សាឱ្យបានជាប់ជានិច្ច ទើបអាចធានាបានថាសហគ្រាសរបស់ខ្លួនអាចឈរជើងបានយូរក្នុងទីផ្សារ។ ហេតុផល គឺពិភពលោក​តែងតែប្រែប្រួលជាប់ជានិច្ច​ពីមួយថ្ងៃទៅមួយថ្ងៃ។របៀបរបបនៃការរស់នៅ ការប្រែប្រួលរបត់សង្គម បច្ចេកវិទ្យានិង​រឿងរ៉ាវជាច្រើនផ្សេងទៀត​ជំរុញឱ្យ​សហគ្រិនត្រូវតែរៀន​ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យ​បានល្អ។ លោកថា នៅក្នុងចំណោម​វិធីសាស្រ្តសំខាន់ៗដើម្បីរៀនការសិក្សាពីយោបល់អ្នកដទៃ​ ជារឿងល្អមួយដែលអាចយកមកអនុវត្តបាន។

លោកថាជាសហគ្រិនមួយរូប ចៀសមិនផុតពីទំនាក់ទំនងជាមួយនឹង​មនុស្សម្នាខាងក្រៅនោះទេ។ ហេតុនេះអ្វីដែលយើងអាចធ្វើបាន គឺព្យាយាមឱ្យអស់ពីលទ្ធភាព​ចែករំលែកអ្វីដែលខ្លួនបានដឹង ដើម្បីជាប្រយោជន៍ទាំងអស់គ្នា និងសិក្សាពីអ្វីដែលអ្នកដទៃចែករំលែកដោយភាពស្មោះត្រង់។ នៅពេលនោះ យើងនឹងអាចអភិវឌ្ឍជាមួយគ្នាហើយថែមទាំងអស់យល់ពីគ្នាដើម្បីសហការ​​ឆ្ពោះទៅរក​វឌ្ឍនៈភាពអាជីវកម្ម​ប្រកបដោយនិរន្តរភាព៕