លោក Christopher Lee៖ កត្តាជំរុញ៣យ៉ាង ធ្វើឱ្យមនុស្សមានកម្លាំងជំរុញខ្លាំង

គ្រាន់តែកំណត់គោលដៅ និង​រៀបចំផែនការជីវិត អ្នកណាក៏អាចធ្វើបានដែរតែការបង្កើតកម្លាំងជំរុញឱ្យ​ផែនការសកម្មភាពទាំងអស់នោះ អនុវត្តបានយូរអង្វែងទើបជារឿងលំបាក។

ទាក់ទង នឹងបញ្ហានេះលោក Christopher Lee អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​មនុស្សបាន​លើកឡើងថា​ ដើម្បីឱ្យមនុស្សសម្រេចគោលដៅបានប្រសើរ ពួកគេចាំបាច់ត្រូវតែមានកត្តាសំខាន់មួយចំនួនដើម្បីជំរុញទឹកចិត្ត។ ការជំរុញទឹកចិត្តអាចកើតចេញពីប្រភពជាច្រើន ហើយក៏មានកត្តាជាច្រើនដែលធ្វើឱ្យ​ថាមពលដ៏សំខាន់នេះបាត់បង់ដែរ។ ហេតុនេះមនុស្សម្នាក់ៗត្រូវតែស្វែងរកឱ្យឃើញ នូវ​មូលហេតុសំខាន់ៗមួយចំនួនដែលជាចលករក្នុងការជំរុញទឹកចិត្ត​ឱ្យចង់អនុវត្តផែនការជីវិតប្រកបដោយភាពរីករាយនិងក្តីស្រឡាញ់។

លោក Christopher Lee បាននិយាយថា ៖“មនុស្ស​ដែលមាន​កត្តា​ជំរុញ​ខ្លាំង គឺ​មនុស្ស​ដែលមាន​គោលមាន​ការតស៊ូ​ព្យាយាម មានដៅ​ច្បាស់លាស់និង​មាន​ចំណង់​ដ៏​លើសលប់»។

លោក Christopher Lee ​បានបញ្ជាក់​ផងដែរ​ថា មនុស្ស​ដែល​គ្មាន​គោលដៅ​គាត់​អាចធ្វើ​ការងារ​រាល់ថ្ងៃ​ដើម្បី​តែ​ប្រាក់ខែ​របស់គាត់​នៅ​ចុងខែ ឬ​ព្រោះតែ​ការងារ​នោះ​ជា​អ្វីដែល​មេ​របស់គាត់​ដាក់ឱ្យ​តែប៉ុណ្ណោះ តែ​គាត់​មិនបាន​ដឹង​ពី​គោលបំណង​ពិតប្រាកដ និង​សារៈសំខាន់​នៃ​ការងារ​របស់គាត់​នោះទេ

មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ គាត់​ដឹង​យ៉ាងច្បាស់​ពី​កន្លែង​ដែល​គាត់​ត្រូវ​ទៅ និង​គុណ​តម្លៃ​នៃ​ការងារ​របស់គាត់​ចំពោះ​សង្គម ​ឬ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយដែល​ធ្វើឱ្យ​ពួកគាត់​បើក​ចិត្តបាន​ទូលាយ​ ក្នុង​ការជំរុញ​ខ្លួនឯង​ឱ្យធ្វើ​ការងារ​ជាច្រើន​ដោយ​តម្លៃ​ខ្ពស់។ ក្រៅពីនេះ ការតស៊ូ​ព្យាយាម​ក៏​ជា​ចំណុច​មិនអាច​ខ្វះ​បាន​ផងដែរ​ សម្រាប់​មនុស្សព្រោះថា​មនុស្ស​ដែល​មិន​ពូកែ​ក៏ដោយ ឱ្យ​តែមាន​សេចក្តី​តស៊ូ​ព្យាយាម​ខ្ពស់គាត់​នឹង​អាច​ទទួលបាន​ជោគជ័យ ដូចគ្នាឱ្យតែ​ការតស៊ូ​នោះ​ត្រូវបាន​ធ្វើឡើង​ជាប់​រហូត​ដោយ​មិន​បោះបង់។

អ្នកជំនាញខាងលើបានលើកឡើងផងដែរថា សិស្ស​មួយចំនួន​ដែល​ពូកែ​មិន​ប្រាកដថា​ជោគជ័យ​នោះទេ វា​អាស្រ័យ​លើ​ការព្យាយាម​ខ្លាំង​កម្រិតណា ​ព្រោះថា​មនុស្ស​ដែលមាន​ការតាំង​ចិត្តនិង​តស៊ូ​ព្យាយាម​ខ្ពស់​ ជា​មនុស្ស​ដែល​មិន​ងាយ​បោះបង់​នោះទេ ហើយ​ជាទូទៅ​មនុស្ស​ដែល​មិន​បោះបង់ និង​មិន​ព្រម​ចុះចាញ់​ការបរាជ័យ និង​បន្ត​អភិវឌ្ឍ​ជានិច្ច​នោះភាគច្រើន​ជាម​នុស្ស​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។ គេ​នៅតែ​ខំ​ម្តង​ហើយ​ម្តងទៀតនិង​អាច​តស៊ូ​ជាមួយ​ស្ថាន​ភាពលំបាក​ដែល​អាច​ជំរុញ​ឱ្យ​ពួកគេ​រកឃើញ​នូវ​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​សម្រេច​ជោគជ័យ​លើ​ការងារ​របស់​ពួកគេ។ម្យ៉ាងវិញទៀត ការមានចំណង់​ដ៏​លើសលប់ ​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ផងដែរក្នុងការ​ជំរុញ​មនុស្ស​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ​របស់​ខ្លួន។

នៅពេលដែល​មនុស្ស​ណា​ម្នាក់​ បានដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការងារ​របស់ខ្លួន ហើយ​មានបំណង​ច្បាស់លាស់​ក្នុង​ការធ្វើការងារ គេ​បាន​ស្រមៃ​យ៉ាងច្បាស់​ពី​ភាពជោគជ័យ​ដែល​គេ​ចង់ឃើញ ដែល​រូបភាព​ទាំងអស់នេះ​នឹង​រុញច្រាន​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ថាមពល​ខ្លាំង​ក្នុងការ​អនុវត្ត​ការងារលំបាកៗបាន​យ៉ាង​ល្អ៕