ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា ផ្ដល់ជំនួយជាអង្ករ១០០តោន ជូនគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំអនុវត្តវិធានការបិទខ្ទប់ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមលើវិធានការដែលសហព័ន្ធបានចូលរួមជាមួយរាជរដ្ឋាភិបាលកន្លងមក។
ក្នុងពិធីប្រគល់ទទួលនេះមានឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយននឹង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា មាន ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ អង្ករជំួយទាំង១០០តោននេះ ត្រូវបានប្រគល់ជូនបន្តទៅគណ:អភិបាលរាជធានីភ្នំពេញ ដែលមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដើម្បីចាត់ចែងផ្តល់ជូនគ្រួសារប្រជាជនក្រីក្រ នៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ។
អង្ករជំនួយចំនួន ១០០ តោននេះ គឺកើតចេញពីទឹកចិត្តសប្បុរសធម៌ និងការគាំទ្ររបស់បងប្អូនធុរកិច្ចជន និងភាគីពាក់ព័ន្ធ នៅក្នុងវិស័យស្រូវអង្ករចំនួន៦៥ស្ថាប័ន រួមមាន ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ ធនាគារ ក្រុមហ៊ុនវេចខ្ចប់ ក្រុមហ៊ុនត្រួតពិនិត្យគុណភាព និងក្រុមហ៊ុនភស្តុភារដឹកជញ្ជូនជាដើម សម្រាប់ប្រគល់ជូនរាជរដ្ឋាភិបាល ដែលតែងតែជួយទំនុកបម្រុងដល់វិស័យស្រូវអង្កកម្ពុជា ហើយដោយបានយល់ច្បាស់នូវភាពប្រាកដប្រជា និងគត់មត់នៃគោលនយោបាយគាំពារ និងជួយដល់ប្រជាជនដែលខ្វះខាតរបស់ប្រមុខរាជរដ្ឋាភិបាល។
សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការធ្វើចលនាឱ្យមាននូវការផ្គត់ផ្គង់អង្ករ ជាមួយនឹងតម្លៃសមរម្យ ដល់បងប្អូនដែលកំពុងជួបប្រទះការខ្វះខាតស្បៀង ដូចដែលមាននៅក្នុងសេចក្តីប្រកាសរួមរវាងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ និងចលនាលក់បញ្ចុះថ្លៃ ពី ១០០០០ រៀល ទៅ ២០០០០រៀល ក្នុងមួយបេ ៥០គីឡូក្រាម ពីលើតម្លៃគោលជាដើម ជាលទ្ធផល ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អង្ករចំនួន ២០០០តោន ត្រូវបានផ្គត់ផ្គង់ ក្នុងតម្លៃសមរម្យជូនប្រជាជនក្នុងតំបន់បិទខ្ទប់ ហើយនឹងបន្តនូវការផ្គត់ផ្គង់រហូតដល់មានដំណើរការសេដ្ឋកិច្ចជាប្រក្រតីឡើងវិញ៕